ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការបង្រ្កាបល្បែងបញ្ជល់មាន់ភ្នាល់លុយ ដុតកម្ទេចឧបករណ៍ និងសម្ភារនៅនឹងកន្លែងលេង ដឹកម៉ូតូ និងរថយន្តមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក ខណៈពួកអ្នកលេងល្បែងរត់គេចបាត់អស់ ។
ករណីបង្ក្រាបល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចទួលតាប៊ូរ ស្ថិតនៅរបងរមាស ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលចុះអនុវត្តការងារប្រាប់ថា លទ្ធផល ៖ កំលាំងប្រមូលដុតកម្ទេចឧបករណ៍ និងសម្ភារសម្រាប់មាន់ជល់២កន្លែង ដឹកម៉ូតូចំនួន១៣គឿង និងរថយន្ដ២គឿង យកទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ខណៈក្រុមញៀនល្បែងសុីសង(ជល់មាន់)ភ្នាល់លុយទាំងនេះ រត់គេចបាតជើងសព្រាតបាត់អស់ ៕ ដោយ៖បុឹម ពិន