ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កម្លាំងប្រជាការពារភូមិគូរ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ករណីហិង្សាដោយចេតនាយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមច្បាប់ បន្ទាប់ពីបាននាំគ្នាយកប៉ែលវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសខ្នងផ្នែកខាងឆ្វេង។

ករណីហិង្សានេះកើតឡើងនៅវេលាម៉ោង ២២ និង៥៥នាទីយប់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិគូរ ឃុំគោកមន ស្រុកបន្ទាយយអំពិល ខេត្តឧត្តរមានជ័យ  

មន្ត្រីនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ជនសង្ស័យ  ឈ្មោះ ស៊ុក ឌុយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ហ៊ុន ឡុច ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ។មុនពេលកើតហេតុជនសង្ស័យមានគ្នា៦នាក់បានទាស់សម្តីគ្នាជាមួយជនរងគ្រោះ ហើយពួកគេបានឆក់យកប៉ែលចូកដីនៅក្បែរនោះមកវាយខ្នងជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់រួចនាំគ្នាគេចខ្លួនអស់៥នាក់ នៅសល់ម្នាក់ត្រូវប្រជាការពារភូមិឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖ប្រាថ្នា


ចែករំលែក៖