ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេជេរម៉ែគុំទុកក្នុងចិត្ត ពេលមានឱកាសសម្លាប់ភ្លែត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ នគរបាលជំនាញ

បង្ក្រាបបានករណីឃាតកម្មគិតទុកជាមុន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យឈ្មោះថៃ រ៉េត (ហៅគុន) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

តាមរបាយការណ៍របស់នគរបាលជំនាញព្រហ្មទណ្ឌបានបញ្ជាក់ថា បទល្មើសនេះប្រព្រឹត្តកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០  នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ  ទៅលើជនរងគ្រោះឈ្មោះទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិចម្ការខ្នុរ ឃុំកែវផុស ស្រុកស្ទឹងហាវ បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

បើតាមជនសង្ស័យឆ្លើយប្រាប់សមត្ថកិច្ច ថា ខ្លួនខឹងជនរងគ្រោះជេរម៉ែរបស់ខ្លួនជាយូរមកហើយ ទើបតែពេលបានផឹកស៊ីជាមួយជនរងគ្រោះ មានឱកាសក៏យកដៃក្រៀក.កជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវាត់រឹត.កជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។

បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖