ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់ព្រះខ័នរាជ្យខ្មែរ​មាន​អាយុ ១០០០​ឆ្នាំ ​ល្បី​ថាសម្លាប់មុន ចាំកាត់ក្តីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ព្រះខ័នរាជ្យ ឬ​ហៅថា​ព្រះខ័ន​ជ័យ ជា​ឈ្មោះ​សស្ត្រា ១ យ៉ាង​សឹង​រាប់​ជា​គ្រឿង​ក​កុ​ធ​ភណ្ឌ សម្រាប់ ព្រះរាជា​ម្ចាស់ផែនដី គឺ​ក្សត្រ​ដែល​នឹង​ទទួល​ព្រះ​រាជពិធី​រាជាភិសេក ជា​ព្រះរាជា​ម្ចាស់ផែនដី​ត្រូវមាន​គ្រឿង​សម្រាប់ រាជ្យ​ឲ្យ​គ្រប់មុខ ដែល​ហៅ​រួម​ថា បញ្ច​ក​កុ​ធ​ភណ្ឌ ឬ​រាជកកុធភណ្ឌ ឬក៏​ហៅ​ខ្លី​ថា ក​កុ​ធ​ភណ្ឌ គឺ ១. ព្រះ​មកុដ​, ២. ព្រះ​វាលវីជនី (​ផ្លិត​ធ្វើ​ដោយ​រោមសត្វ​ពណ៌​ស​), ៣. ព្រះខ័ន​, ៤.​ស្វេតច្ឆត្រ​, ៥. ព្រះ​សុវណ្ណ​បាទុកា (​ស្បែកជើង មាស​) ។ ភណ្ឌៈ​ទាំង ៥ យ៉ាងនេះ រាប់​ជា​គ្រឿង​ឥស្សរិយយស​របស់​ព្រះរាជា​ម្ចាស់ផែនដី ។

​ដោយហេតុ​ព្រះខ័ន រាប់បញ្ចូល​ក្នុង​ពួក​រាជកកុធភណ្ឌ​ដូច្នេះហើយ ទើប​មិនបាន​រាប់​ជា​គ្រឿង​ចម្បាំង ដោយ​ត្រង់ រាប់​ទៅជា​គ្រឿង​កម្រាប់​សឹក​ពិសេស ឬ​ជា​គ្រឿង​ប្រហារ​ជាន់ខ្ពស់​, កាល​នឹង​ស្ដេច​ចេញទៅ​ធ្វើ​ព្រះរាជ សង្គ្រាម ក៏​ត្រូវយក​ព្រះខ័ន​ជាប់​នឹង​ព្រះអង្គ​ទៅ​ផង​ជា​ដរាប តែ​មិនមែន​យកទៅ​ប្រើ​កាប់សម្លាប់​ផ្ដេសផ្ដាស​ដូច​អាវុធ ឯទៀត​ទេ លុះតែ​កាលណា​សត្រូវ​ដែល​អង់អាច​ចូល​មកដល់​ព្រះអង្គ ដែល​ត្រូវ​ប្រើ​អាវុធខ្លី​ប្រហារ​នោះ ទោះ​នឹង យក​ព្រះខ័ន​ប្រហារ​ឲ្យ​វិនាស​ទៅបាន រួច​សេចក្ដី​ទៅ​ថា ត្រូវតែ​សម្លាប់​ដោយ​កិត្តិយស ។

(​ក​.​ក​.​ន​) គឺ​បានន័យថាព្រះខ័នរាជ្យ​នេះ គឺជា​គ្រឿង​រាជ​សម្រាប់​ការឡើង​សោយរាជ​មួយ​ក្នុងចំណោម​គ្រឿង​ផ្សេងៗ​ទាំង ៥ ដូច​រៀបរាប់​ខាងលើ​។ មិនតែប៉ុណ្ណោះ​ព្រះខ័នរាជ្យ​នេះ នៅក្នុង​សម័យបុរាណ គឺមាន​អំណាច និង​ឥទ្ធិពល​ខ្លាំងណាស់​។

មានន័យថា ព្រះខ័នរាជ្យ​នេះ​មានអំណាច​ស្មើ​ស្ដេច ព្រះខ័នរាជ្យ​ទៅដល់​ទីណា ទោះបី​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​ក៏​មន្ដ្រី​នាម៉ឺន​​ប្រជារាស្ដ្រ គោរព​ព្រះខ័នរាជ្យ​នេះ​ស្មើ​ស្ដេច​ដែរ​។

ពេលខ្លះ​គេ​ហៅថា​ជា​ដាវអាជ្ញា​សឹក ខណៈពេល​ព្រះមហាក្សត្រ​ប្រគល់​សិទ្ធិ​ដាវ​នេះ​ឲ្យ​មន្ដ្រី នាម៉ឺន​ណា​ទៅ​អនុវត្ត​បទបញ្ជា​ព្រះមហាក្សត្រ គឺ អ្នកនោះ​អាច​ប្រើ​ដាវ​នេះ​សម្រេច​កិច្ច​ជូន​ព្រះមហាក្សត្រ​នៅ​ទីនោះ​ដែរ រហូតដល់​ថា អ្នកណា​រឹងទទឹង​សម្លាប់​មុន​កាត់ក្ដី​ជា​ក្រោយ​ក៏បាន​។
ព្រះខ័នរាជ្យ​សព្វថ្ងៃនេះ​គេ​តម្កល់ទុក​នៅ​ហោព្រះ​បញ្ច​ក្សេត្រ (​ហោ​ទេវរូប​) នៅក្នុង​ព្រះបរមរាជវាំង មាន​ពួក​បារគូ​ជា​ភ្នាក់ងារ​ថែរក្សា​យ៉ាង​តឹងរ៉ឹង ហើយ​នឹងមាន​កិច្ច​ធ្វើ​ពិធី​បូជា​រៀងរាល់ខែ​ផង

កំណត់​ពលីការ​ក្នុង ១​ខែ ២​ដង​, តាម​ប្រក្រតី គេ​ធ្វើ​ខាង​ខ្នើត​ម្ដង​, ខាង​រនោច​ម្ដង​, តែ​ជួនកាល​ខាង​ខ្នើត​មិនបាន​ធ្វើ គេ​ទៅធ្វើ​ខាង​រនោច​ពីរដង​តែម្ដង​ក៏មាន​, ការធ្វើ​ខាង​ខ្នើត​ខាង​រនោច​នេះ មិនមាន​កំណត់​ឲ្យ​ជាការ​ទៀងទាត់​ទេ ស្រេច​តែមាន​ឱកាស​ស្រួល​កាលណា ក៏​ធ្វើ​កាលនោះ​ទៅ មានកំណត់​ទៀង​តែ​ក្នុង​១​ខែ​ត្រូវធ្វើ​ពីរដង នឹង​បន្ថយ​ឲ្យ​តិច​ទៅ​ជាង​នេះ​ពុំបាន​, ហើយ​មានកំណត់​ឈ្មោះ​ថ្ងៃ​ដែល​ត្រូវធ្វើ​បានតែ៣​ឈ្មោះ គឺ ថ្ងៃ​អង្គារ ១, ថ្ងៃ​ព្រហស្បតិ៍ ១, ថ្ងៃ​សៅរ៍ ១។

តែ​ក្នុង​មួយខែៗ គប្បី​ធ្វើ​ឲ្យ​ត្រូវ​ក្នុង​ព្រហស្បតិ៍​ម្ដងៗ ជា​ដរាប​ដល់​គ្រប់​ទាំង ១២​ខែ​, ឯ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍ គេ​ធ្វើ​ឆ្លាស់គ្នា ឧបមា​ដូច​យ៉ាង​ផ្ដើម​ធ្វើឡើង​ក្នុង​ខែ​មិគសិរ​ជាដំបូង ក្នុង​ខែ​ដំបូង​នោះ

បើ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​ក្ដី ឬ​ក្នុង​ថ្ងៃ​សៅរ៍​ក្ដី នោះ​វារៈ​ទី​២ ត្រូវធ្វើ​នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍ ឬ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ វារៈ​ទី​២ នឹងធ្វើ​ក្នុង​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​សៅរ៍​ឯណា​នីមួយ​ក៏បាន ។
ក្នុង​ខែ​ទី​២ បើ​ក្នុង​ខែ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​ហើយ ត្រូវធ្វើ​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ព្រហស្បតិ៍ គេ​ឆ្លាស់គ្នា​ដូច្នេះ​រៀង​គ្រប់ៗ​ខែ រហូត​រយ​ឆ្នាំ ពាន់​ឆ្នាំទៅ ។​ ​ឯ​គ្រឿង​ពលីការ​ព្រះខ័ន​រាល់ៗ​ខែ​នោះ មានកំណត់​ចំនួន​ដូច្នេះ សំពត់​ស ៤​ត្បូង គឺ ៣២​ហត្ថ​, បាយសី ៥​រួត ១​គូ​, ស្លា​ធ័​រ ១​គូ​, ស្លាជម ១​គូ​, ស្លាត្រួយ ៥, បាយ​ព្រះ ៥​កញ្ចប់​, ប្រាក់ ៥​ស្លឹង (​វេលា​នេះ​គេ​ដាក់ ៥​កាក់​), ចម្អាប ២​តុ​, បង្អែម ២​តុ​, ក្បាលជ្រូក ១​គូ​, ទា​ស្ងោរ ១​គូ​, មាន់ស្ងោរ ១​គូ ។​

​គេ​រៀប​តុ​១ តូច​ទាប​ក្រាល​ពូក ដាក់​ខ្នើយ​តូច​១ ពីមុខ​តុ គឺ​ពី​ខាងកើត គេ​ក្រាស់​ព្រំ ហើយ​រៀប​គ្រឿង​ពលីការ ដូច​មាន​ខាងលើនេះ វេលា​ប្រមាណ​យាម ២ គឺ​ម៉ោង ១០​ព្រឹក គេ​អញ្ជើញ​ព្រះខ័ន​មក​ដាក់​តម្កល់​លើ​ពូក ដាក់​ចុង​ទៅខាង​ត្បូង គល់​ទៅខាង​ជើង ហើយ​ពួក​ព្រាហ្មណ៍ ៨​នាក់​សូត្រ​បូជា ស្រេច​ហើយ​អញ្ជើញ​ទុក​កន្លែង​ដើម​វិញ ។​

​ការ​ហូត​ព្រះខ័ន​នេះ​ចេញពី​ស្រោម មានកំណត់​ហូត​បានតែ​ក្នុង​ថ្ងៃ​អង្គារ​ដែលមាន​ធ្វើ​ពិធី​ពលិការ ថ្ងៃ​ឯទៀត​ដូច​យ៉ាង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ សូម្បី​មាន​ពលីការ​ក៏​ហូត​មិនបាន ។​

​លោក​ថា ព្រះខ័នរាជ្យ​អង្គ​នេះ ជា​របស់បុរាណ សង្កេតមើល​លក្ខណៈ​ក៏​គួរ​ជឿ​ដូច្នោះ​ពិត តាម​ក្នុង​រាជពង្សាវតារ​ថា សាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​កេតុមាលា រួម​វេលា​ប្រមាណ​ជាង ១០០០​ឆ្នាំ​ហើយ រាប់​ជា​របស់បុរាណ​ដោយ​ពិត ។

«​លក្ខណៈ​ព្រះខ័នរាជ្យ​» ផ្លែ​ព្រះខ័ន មានមុខ​ទាំងសងខាង រាង​ប្រហែល​នឹង​ស្លឹក​ស្រូវ ខ្នាត​វាស់​រួម​ពី​ដង​ដល់​ចុង​ស្រោម​ ១ ម ០៨៧ ​បណ្ដោយ​ទាំង​ដង​ទាំង​ផ្លែ​ ១ ម ០០៧ ​បណ្ដោយ​ផ្លែ​ ០ ម ៧២ ទទឹង​ផ្លែ​ ០ ម ០៦ បណ្ដោយ​ដង​ប្រវែង ០ ម ២៨៧ បណ្ដោយ​ស្រោម​ ០ ម ៨០ ​ទទឹង​ស្រោម​ ០ ម ០៨៥ ។

​ក្បាច់រចនា៖ នៅ​គល់​ផ្លែ​និង​តាម​ជួរ​កណ្ដាល​ផ្លែ​មាន​ក្បាច់ វៀរតែ​មុខ​និង​ចុង​, នៅ​រវាង​ក្បាច់​ខាង​គល់​ផ្លែ​ទាំងសងខាង មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី និង​រូប​ព្រះ​វិស្ណុ​ឈរលើ​ក្បាល​រាហូ ។ ដង​មាស​ក្បាច់​សុស ហើយ​បញ្ចុះ​ថ្នាំ​ពណ៌ ចុង​ដើមដង​មាន​ប្រដាប់​ត្បូង​ផ្សេងៗ​ជាច្រើន​គ្រាប់ ។​

​ស្រោម​មាស មាន​រចនា​សុស រវាង​កណ្ដាល​ស្រោម​មាន​រូប​ព្រះ​វិស្ណុ និង​ព្រះរាម​គង់​លើ​ពាហនៈ​ផ្សេងៗ គឺ​នៅ​ខាងចុង​ស្រោម​ឬ​នៅ​ខាងលើ​បង្អស់ រូប​ព្រះ​វិស្ណុ​ព្រះហស្ដ​៤ គង់​លើ​គ្រុឌ នោះ​ចាប់​នាគ​ដោយ​ជើង​ទាំងសងខាង​, តម​ក ៥​រូប គេ​ស្មានថា រូប​ព្រះរាម​គង់​លើ​ស្ដេច​ពានរ​ផ្សេងៗ គឺ​គង់​លើ​មហាជម្ពូ​១, គង់​លើ​ពាលី​១, គង់​លើ​សុគ្រីព (​សុ​គ្រី​វៈ​) ១, គង់​លើ​អង្គទ​១, គង់​លើ​ហនុមាន​១ ។​

(​សម្រង់​ចាក​ពី ព្រះ​រាជពិធី​ទ្វាទសមាស​, ភាគ​១, ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ​, ព​.​ស​.២៥១២, ទំ​.១២២១២៦)
​កំណត់សម្គាល់ ព្រះខ័ន​មាន​បី​ប្រភេទ គឺ ៖ ១.​ព្រះខ័នរាជ្យ​ ២.​ព្រះខ័ន​រង​ ៣.​ព្រះខ័ន​ស្ដេចត្រាញ់ ៕

ដោយ៖ សិលា


ចែករំលែក៖