ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានអាមេរិក​និងអឺរ៉ុប​មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសឡើយ

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន RIA ​បានផ្សាយថា​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergei Lavrov បានប្រកាសថា​ គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសបានឡើយ។ លោកSergei Lavrov បញ្ជាក់ថា ការខិតខំរបស់ប្រទេសខាងក្រៅគឺធ្វើឲ្យស្ថានភាពនៅប្រទេសបេឡារូសកាន់តែអាក្រក់ទៅ។
លោក​Sergei Lavrov បន្តទៀតថា «យើងខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេស​ជុំវិញពិភពលោក ពិសេសគឺអាមេរិក និងអឺរ៉ុប ​ មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស​​បេឡារូសនោះឡើយ។ ការដាក់ទណ្ឌកម្ម ​ការដាក់គំនាបនយោបាយទៅលើរដ្ឋាភិបាលទីក្រុងMinsk នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ »។
ស្ថានភាពនៅក្នុងប្រទេសបេឡារូស​ កាន់តែអាក្រក់ ក្រោយក្រុមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល​នៅតែបន្តកើតឡើង តាំងពីថ្ងៃទី ៩ខែសីហា ក្រោយការបោះឆ្នោត​។ លទ្ធផលបោះឆ្នោត គឺប្រធានាធិបតី​ Alexander Lukashenko ទទួលបានជ័យជម្នះ ដោយទទួលបានការគាំទ្រដល់ទៅ​៨១ភាគរយ។ ចំណេកក្រុមប្រឆាំងវិញមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះឡើយ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅរបស់ប្រទេសលោកខាងលិច គឺ​ចង់ឲ្យបេឡារូសមានមេដឹកនាំ​ដើរតាមគន្លងរបស់អាមេរិកនិងអឺរ៉ុបដើម្បីដាក់គំនាបទៅលើប្រទេសរុស្ស៊ី​។ ប្រសិនបើបេឡារូសងាកទៅអឺរ៉ុបវិញ​នោះ ការឡោមព័ទ្ធ​រុស្ស៊ីនឹងទទួលបានជោគជ័យ​។ ចំណែករុស្ស៊ីវិញ មិនអនុញ្ញាតឲ្យបាត់បង់ ប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់នេះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖