អន្តរជាតិ៖ សារព័ត៌មាន RIA បានផ្សាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសបានឡើយ។ លោកSergei Lavrov បញ្ជាក់ថា ការខិតខំរបស់ប្រទេសខាងក្រៅគឺធ្វើឲ្យស្ថានភាពនៅប្រទេសបេឡារូសកាន់តែអាក្រក់ទៅ។
លោកSergei Lavrov បន្តទៀតថា «យើងខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសជុំវិញពិភពលោក ពិសេសគឺអាមេរិក និងអឺរ៉ុប មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសនោះឡើយ។ ការដាក់ទណ្ឌកម្ម ការដាក់គំនាបនយោបាយទៅលើរដ្ឋាភិបាលទីក្រុងMinsk នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ »។
ស្ថានភាពនៅក្នុងប្រទេសបេឡារូស កាន់តែអាក្រក់ ក្រោយក្រុមបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅតែបន្តកើតឡើង តាំងពីថ្ងៃទី ៩ខែសីហា ក្រោយការបោះឆ្នោត។ លទ្ធផលបោះឆ្នោត គឺប្រធានាធិបតី Alexander Lukashenko ទទួលបានជ័យជម្នះ ដោយទទួលបានការគាំទ្រដល់ទៅ៨១ភាគរយ។ ចំណេកក្រុមប្រឆាំងវិញមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះឡើយ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅរបស់ប្រទេសលោកខាងលិច គឺចង់ឲ្យបេឡារូសមានមេដឹកនាំដើរតាមគន្លងរបស់អាមេរិកនិងអឺរ៉ុបដើម្បីដាក់គំនាបទៅលើប្រទេសរុស្ស៊ី។ ប្រសិនបើបេឡារូសងាកទៅអឺរ៉ុបវិញនោះ ការឡោមព័ទ្ធរុស្ស៊ីនឹងទទួលបានជោគជ័យ។ ចំណែករុស្ស៊ីវិញ មិនអនុញ្ញាតឲ្យបាត់បង់ ប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់នេះឡើយ៕ដោយ៖ធី រីណា