ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ប៊ុនថង  អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាប៉ោង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ទី២មានឈ្មោះ គឹម សុខស៊ីណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង
និងទី៣មានឈ្មោះ ទ្រី វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០  ក្រោមបញ្ជាផ្ទាល់របស់លោកឧតុ្តមសេនីយ៍សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌  សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត  ដឹកនាំដោយលោក យ័ន្ត សេង នាយរងសេនាធិការទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ​​ចុះបង្រ្កាបករណី រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ ៧ ស្ថិតនៅ ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមជាមួយវត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង,ទូរស័ព្ទដៃចំនួន២គ្រឿង,ម៉ូតូចំនួន១គ្រឿង,ប្រាក់រៀលចំនួន ៥០,០០០រៀលនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕ដោយ៖ យឹម សុថាន


ចែករំលែក៖