ខេត្តប៉ៃលិន៖ ប្រធានតាមមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាតបានបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅខេត្ត កំពុងពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ។ លោកប្រធានមន្ទីរកសិកម្ម បន្តថា ផ្ទៃដីដាំដុះស្វាយកែវរមៀតនោះ បានកើនឡើងពីប្រមាណ៤ពាន់ហិកតានាពេលកន្លងមក ដល់ប្រមាណ៥ពាន់ហិកតា នៅក្នុងឆ្នាំ២០២០នេះ ។
លោក សាយ សុផាត បានបញ្ជាក់ថា៖ «ផែនការដាំដុះស្វាយកែវរមៀតខេត្តប៉ៃលិន បច្ចុប្បន្នបានសម្រេចតាមផែនការប្រមាណ ៩០ភាគរយហើយ។សម្រាប់ផែនការនាំចេញស្វាយ ទៅកាន់ក្រៅស្រុក រំពឹងប្រមាណ ៧០ភាគរយដោយសារ ចាំមើលលទ្ធផល នៃការប្រមូលផល»។ប្រធានមន្ទីកសិកម្មរូបនេះ បានបន្តទៀត បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក៏បាននិងកំពុងផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលបច្ចេកដាំស្វាយស្របតាមស្តង់ដារ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។
បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាផ្លូវការបានចំនួន៤៤ ០៩៩តោន។ ដែលចំនួននេះ បានកើនឡើងជាងពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ដែលមានចំនួនតែប្រមាណ ២៩២១៤តោន៕
ដោយ៖ស តារា