ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សា ក្នុងដំណាក់កាលទី២។
សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ ក្រោយពីការដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រឹះស្ថានបឋមសិក្សា និងសិស្សានុសិស្សមួយចំនួនបានអនុវត្តការបង្រៀននិង រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី ក្រោមការជួយគាំទ្ររបស់ មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។ ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាបឋមសិក្សា ក្នុងដំណាក់កាលទី២ ប្រកប
ដោយសុវត្ថិភាពនិងប្រសិទ្ធភាព ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន/គណៈកម្មការទ្រទ្រង់សាលា រៀន ស្តីពីការត្រៀមលក្ខណៈនិងការបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ ដូចខាងក្រោម៖
១- ការត្រៀមលក្ខណៈដើម្បីបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ គណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សាទាំងអស់ ត្រូវពិនិត្យលក្ខណៈសម្បត្តិរបស់គ្រឹះស្ថានសិក្សាខ្លួនដូចតទៅ៖
អនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទ កូវីដ-១៩ ជាពិសេសពង្រឹងការអនុវត្តវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាល ដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដូចជា៖
ការរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។
២ ត្រូវអនុវត្តវិធានការរម្លាប់មេរោគ មុននឹងដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សា ជាពិសេស បន្ទប់រៀន បណ្ណាល័យ បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ អគារនានា សួនកំសាន្ត និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ត្រូវរៀបចំធ្វើអនាម័យបោសសម្អាតបន្ទប់រៀន អគារនានា និងបរិវេណគ្រឹះស្ថានសិក្សា និង ត្រូវគ្រប់គ្រងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រចាំថ្ងៃ៕
សូមអាននូវខ្លឹមសារទាំងស្រុង ពីសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា