ខេត្តមណ្ឌលគិរី ៖ ទីតាំងខារ៉ាអូខេមួយកន្លែង យីហោប៊ីក្លិបត្រូវបានកម្លាំងសមត្ថកិច្ចទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចុះបង្ក្រាប។
ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ដោយ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំកម្លាំងចុះផ្ទាល់។
ទីតាំងខារ៉ាអូខេនោះស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារមួយចំនួនរួមមាន៖
ថាច់ចុចបទចំរៀងចំនួន៥គ្រឿង, ម៉ៃក្រូហ្វូនចំនួន៤គ្រឿង, ក្បាលអុីហ្វិចចំនួន៥គ្រឿង និងអំភ្លីចំនួន៥គ្រឿងផងដែរ។ សម្ភារទាំងនេះសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដឹកនាំកម្លាំងចំនួន១២នាក់លបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ឃើញមាននារីបម្រើសេវាខារ៉ាអូខេយីហោ(ប៊ីក្លិប)ចំនួន១៤នាក់ និងរឹបអូសបានសម្ភារដែលបម្រើឱ្យសេវាខារ៉ាអូខេមួយចំនួនផងដែរ។
លោកស្រីស្នងការរងបានបន្តថា ស្របពេលដែលជំងឺកូវីដ-១៩ នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា គ្រប់សេវាកម្មខារ៉ាអូខេ ក្លិបកម្សាន្តដែលមានប្រមូលផ្តុំមនុស្សជាច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាពទាំងអស់ដើម្បីអនុវត្តទៅតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវីដ-១៩។
ឯមន្ទីរទេសចរណ៍ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកចុះបិទបំរាមមិនអនុញ្ញាតឱ្យបើកខារ៉ាអូខេនោះឡើយ៕ដោយ ៖ជីវ័ន្ត