ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម ក្រសួងធម្មការចេញសេចក្ដីណែនាំ៦ចំណុច ដើម្បីការពារជំងឺកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ៖ សូមជម្រាបជូនថា៖ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនាដែលមានជាយូរមកហើយ ដើម្បីរក្សាទំនៀម ទម្លាប់ដ៏ប្រពៃរបស់ដូនតាខ្មែរយើង ដែលកំណត់យកថ្ងៃបុណ្យកាន់បិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច និងថ្ងៃ ភ្ជុំបិណ្ឌនៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មាន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឈាយាចារ្យ ជីដូន ជីតា មាតាបិតា ដែលទ្រង់បានសោយ ព្រះទិវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយផង ដល់ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បី ជាតិមាតុភូមិជាដើមផង និងដើម្បីកូនខ្មែរយើងបានបំពេញនូវអំពើល្អ(បុណ្យកុសល)ផង។

ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំថា៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធធ្វើពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ប្រជាពលរដ្ឋនឹង ចូលរួមធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាមនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទៅតាម ប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងន័យនេះ ដើម្បីចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា សូមជម្រាបជូនលោកប្រធានមន្ទីរធម្មការ និង សាសនាគ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយថ្នាក់ដឹកនាំព្រះពុទ្ធសាសនាមានព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្តអារាម ដើម្បីអនុវត្តនូវកិច្ចការចាំបាច់មួយចំនួន និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិធីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដូចខាងក្រោម ៖ 

១. រៀបចំវត្តអារាម ឱ្យមានសណ្តាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឱ្យមានធុងសំរាមសាធារណៈ។

២. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឱ្យមានកម្លាំងរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសលនៅគ្រប់វត្តអារាម។ 

៣. រៀបចំទុកដាក់ បែងចែកទេយ្យទាន ឱ្យបានសមរម្យជៀសវាងភាពខ្វះខ្ជាយ និងយកទៅជូន កងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង។ 

៤. តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឱ្យបាននូវអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល។

៥. ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឱ្យបានទូលំទូលាយជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ 

៦. រៀបចំឱ្យមាន ជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅសាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖