ខេត្តកណ្តាល៖ ក្នុងពិធីផ្សព្វផ្សាយប្រកាស លេខ៣៣៥៦ប្រ.ក ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការនគរបាល ស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរៀបចំឡើង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ស្នើដល់នគរបាលមូលដ្ឋានទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូរមិនអាចខ្វះបាន កុំទុកសារព័ត៌មានជាសត្រូវ ខណៈត្រូវសហការជាមួយសារព័ត៌មាន នូវកិច្ចការពិតមួយចំនួន ដែលអ្នកសារព័ត៌មានបានផ្ដល់ជូន ហើយចុះទៅសិក្សាស្រាវជ្រាវរកការពិត និងដោះស្រាយជូនពលរដ្ឋ ឱ្យបានទាន់សភាពការណ៍ និងកុំខឹងអ្នកសារព័ត៌មាន នូវការចុះផ្សាយពីករណីខ្វះចន្លោះរបស់ខ្លួន តែត្រូវទទួលយកការពិត ហើយញាប់ដៃ ញាប់ជើង ធ្វើការកែសម្រួលការងារឱ្យបានល្អ សំដៅលើការងារឱ្យមានប្រសិទ្ធភាពជូនសមង្គមជាតិ ។
លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ថ្លែងបែបនេះ បង្ហាញឱ្យឃើញពីឆន្ទះការងារប្រកបដោយស្មារតីទទួលខុសត្រូវ ស្រឡាញ់ព័ត៌មាន ជាទុនឱ្យការងារមានសក្តានុពល តម្កល់ផលប្រយោជន៍ជាតិជាធំ បម្រើប្រជាពលរដ្ឋដោយគ្មានល័ក្ខខណ្ឌ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងឱ្យមានយុត្តិធម៌សង្គម៕
ដោយ៖ សិលា