ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ហ្វីលីពីន អះអាងថា៖ បើ​ចិន​វាយប្រហារ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ​ខ្លួននឹង​ហៅ​អាមេរិកឲ្យ​ជួយ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានអះអាងថា វត្តមានយោធាអាមេរិកក្នុងតំបន់អាស៊ីគឺជាប្រយោជន៍សម្រាប់ប្រទេសហ្វីលីពីន ដោយលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងម៉ានីល នឹងប្រើកិច្ចព្រមព្រៀងការពារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដើម្បីអូសមហាអំណាចមួយនេះមកជួយខ្លួនប្រសិនបើចិនវាយប្រហារលើនាវាចម្បាំងហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង

លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី២៦ខែសីហាថា៖ទីក្រុង ម៉ានីល នឹងបន្តធ្វើប្រតិបត្តិការហោះល្បាតលើសមុទ្រចិនខាងត្បូងទោះបីជាទីក្រុងប៉េកាំងស្នើឲ្យបញ្ឈប់ ហើយបានចាត់ទុកទង្វើរបស់ហ្វីលីពីនថា ការបង្ករឿងខុសច្បាប់

បើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post ដែលដកស្រង់សម្តីលោក Locsin និយាយថា «​ពួកគេ [​ចិន​] អាចហៅវា [​សកម្មភាពហ្វីលីពីន​] ថាការបង្ករឿងខុសច្បាប់ អ្នកមិនអាចផ្លាស់ប្ដូរការគិតពួកគេបានឡើយ​»​ លោក Locsin គូសបញ្ជាក់ថា តែបើសិនផ្ទុះការវាយប្រហារទៅលើនាវារបស់កងទ័ពជើងទឹកហ្វីលីពីននោះ លោកនឹងហៅឲ្យក្រុងវ៉ាស៊ីនតោនមកជួយ

គួរជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៥១មក សហរដ្ឋអាមេរិក និងហ្វីលីពីន មានសន្ធិសញ្ញាយោធា (Mutual Defence Treaty) ដែលប្តេជ្ញាជួយគ្នាក្នុងករណីមានការវាយប្រហារណាមួយកើតឡើង នេះជាលើកដំបូងដែលរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសជាចំហថា ខ្លួននឹងហៅក្រុងវ៉ាស៊ីនតោនឲ្យជួយក្នុងជម្លោះដែនទឹកជាមួយចិន ដែលកំពុងតានតឹង

ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តីការទូតហ្វីលីពីនរូបនេះ បានបញ្ជាក់ថា«​យើងត្រូវការវត្តមានអាមេរិកក្នុងតំបន់អាស៊ី​»​ ត្រង់ចំណុចនេះលោកLocsin ពន្យល់ថា ផលប្រយោជន៍ហ្វីលីពីន គឺចង់ឲ្យសហរដ្ឋអាមេរិករក្សាវត្តមានយោធារបស់ខ្លួនក្នុងតំបន់ ហើយជំហររបស់រដ្ឋាភិបាលហ្វីលីពីនគឺមិនបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនមួយនេះឡើយ

គួររម្លឹកផងដែរថា ហ្វីលីពីន បានតវ៉ាផ្នែកការទូតជាច្រើនលើកប្រឆាំងសកម្មភាពចិនក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែការប៉ះទង្គិចគ្នាចុងក្រោយគឺកើតឡើងកាលពីសប្តាហ៍មុន នៅពេលចិនក្រសួងការបរទេសចិនបានអះអាងថា ចិនបានរឹបអូសសម្ភារនេសាទរបស់ប្រជាជនហ្វីលីពីនដោយខុសច្បាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹក​Scarborough ក្នុងសមុទ្រចិនខាងត្បូង

បច្ចុប្បន្ន ជម្លោះសមុទ្រចិនខាងត្បូង មានប្រទេសជម្លោះចំនួន គឺ ចិនវៀតណាម ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន ឥណ្ឌូណេស៊ី មិនមែនជាភាគីជម្លោះដែនដីឡើយ តែមិនត្រូវគ្នាជាមួយចិនដែលទាមទារតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនដែរ ដោយផ្អែកលើយុត្តាធិការប្រវត្តិសាស្ត្រ ចិនទាមទារជាង៨០ភាគរយនៃសមុទ្រនេះ

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងដែលជាតំបន់សម្បូរដ៏ធនធានធម្មជាតិនិងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹក គឺជាអាទិភាពយុទ្ធសាស្ត្រគោលមួយសម្រាប់ចិន តាំងពីដើមឆ្នាំ២០១៥មក ចិនបានសាងសង់កោះ សិប្បនិម្មិតចំនួនក្នុងប្រជុំកោះ Spratly និងធ្វើទំនើបកម្មកងទ័ពជើងទឹកដែលផ្ដោតសំខាន់លើការពង្រឹងវត្តមានខ្លួនក្នុងតំបន់ជម្លោះនេះ ដោយ៖ស តារា


ចែករំលែក៖