ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសបញ្ចូលសមាជិកបក្ស២០៧នាក់នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសូ សូច័ន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ បានជំរុញដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក​ ហើយដែលយេីងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះទេ​ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការថ្លែងបែបនេះរបស់លោកសូ សូច័ន្ទធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ក្នុងពិធីប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិគណបក្សប្រជាជនកម្ពុជាចំនួន២០៧នាក់ស្រី១១០នាក់ និងអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន៧៤នាក់ រស់នៅឃុំក្រោលគោ នៅសាលប្រជំុគណបក្សប្រជាជនឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះមានការចូលរួមពីលោក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេស២៤៦ លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងអស់លោក លោកស្រីជាសមាជិកសមាជិកាគណបក្សឃុំជាច្រើនរូបផងដែរ ។

លោក សូ សូច័ន្ទ ក៏បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ដែលបានភ្ញាក់រលឹកមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយមិនប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះគឺជាជនរងគ្រោះដែលចាញ់បោកការឃោសនាភូតកុហករបស់មេដឹកនាំខ្យល់។
បន្ថែមលើនេះលោកបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជាចាត់ទុកប្រជាពលរដ្ឋជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ រួចហើយគេចខ្លួនទៅសោយសុខនៅឯបរទេស ។

ប្រធានក្រុមការងារបន្តថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូរធារមួយកម្រិត ។

លោកបានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយនឹងច្បាប់ ។
មួយវិញទៀតត្រូវកសាងបក្ស អប់រំសមាជិកថ្មីជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត។ ឥឡូវបានរាជរដ្ឋាភិបាលធ្វើកំណែទម្រង់សុីជម្រៅ ចំណុចល្អត្រូវពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។

នាឱកាសនោះលោក  ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៌  ពិសេស ២៤៦បានឧបត្ថម្ភអាល់កុលចំនួន២៥កាន ម៉ាស់៣០ប្រអប់ ភេសជ្ជៈ២៥កេសដល់លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រោលគោផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖