ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចជប៉ុន​LDP នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅពាក់កណ្តាលខែកញ្ញា

ចែករំលែក៖

សារព័ត៌មាន ក្យូដូ​របស់ជប៉ុនបានផ្សាយថា បណ្តាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យសេរី​ LDP ​កាន់អំណាច បានសម្រេចជ្រើសរើសថ្ងៃទី​១៥ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសមេបក្សថ្មី ជំនួសនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ​ ដែលទើបតែប្រកាសលាលែងចេញពីតំណែង​។
បុគ្គលកាន់តំណែងជាប្រធានគណបក្ស​ LDP ​មានន័យថា គឺត្រូវតែកាន់តំណែងជានាយករដ្ឋមន្ត្រី​ដោយស្វ័យប្រវត្តិ ដោយសារតែគណបក្សនេះមានសំឡេងភាគច្រើនក្នុងសភា ។ ជាធម្មតា គណបក្ស​LDP ​ត្រូវប្រកាសពីគម្រោងជ្រើសរើសមេបក្សថ្មីនៅខែកញ្ញា​។ ជាធម្មតាគណបក្សនេះត្រូវប្រកាសពីគម្រោងជ្រើសរើសមេបក្សមុនមួយខែ ប៉ុន្តែដោយសារតែការលាលែងចេញពីតំណែងដោយចៃដន្យ គឺត្រូវតែជ្រើសរើសឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី​២៨ខែសីហា នាយករដ្ឋមន្ត្រី អាបេ បានប្រកាសសម្រេចលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីដោយបញ្ហាសុខភាព តាមការណែនាំរបស់ក្រុមគ្រូពេទ្យ​។ ភ្លាមៗនោះគណបក្សLDP ក៏បានបើកកិច្ចប្រជុំ​ជាបន្ទាន់ដើម្បី​ស្វែងរកអ្នកជំនួសតំណែងដ៏សំខាន់នេះ​។​
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា មេដឹកនាំថ្មីនៅជប៉ុននិឹងត្រូវប្រឈមបញ្ហាជាច្រើន​ ក្នុងនោះមានសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ជាដើម ព្រមទាំងបញ្ហាទំនាក់ទំនងការបរទេស សេដ្ឋកិច្ច… ជាមួយសហគមន៍អន្តរជាតិ ពិសេសគឺអាមេរិក៕

ដោយ៖ធី រីណា


ចែករំលែក៖