ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់បងប្អូនបង្កើតលង់ទឹកអូរស្លាប់ ពេលម្តាយជាប់ច្រូតស្មៅទុកឲ្យគោស៊ី

ចែករំលែក៖

ខេត្តកំពង់ធំ៖ គួរឲ្យអនិច្ចារណាស់ដែលក្មេងប្រុស២នាក់បងប្អូនបានលង់ទឹកស្លាប់ គ្រាដែល ម្តាយទៅរកច្រូតស្មៅឲ្យគោស៊ីហើយទុកកូន២នាក់នៅចាំគោយន្តបែរជានាំគ្នាទៅមុជទឹកអូរបណ្តាលឲ្យលង់ស្លាប់។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

មន្រ្តីនគរបាល ស្រុកសន្ទុកបានឲ្យដឹងថាសពក្មេងប្រុសរងគ្រោះ០២នាក់នេះមានឈ្មោះ លី សុខខែត អាយុ ១០ឆ្នាំ ជនជាតិខ្មែរ រស់នៅនៅក្នុងបន្ទុកឪពុកម្តាយ និង ឈ្មោះ លី សុខខុន អាយុ ០៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ក្មេងប្រុសរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើត)នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្រ្តីឈ្មោះ គឿន ណាង អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០២០ ខ្លួនបានជិះ(គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ខាងលើទៅជាមួយរួមទាំងអ្នកជិតខាង៣-៤នាក់ទៀតទៅជាមួយដែរ។

ពេលទៅដល់ក្រុមមនុស្សចាស់បាននាំគ្នា ៗទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅអស់ ឯខ្លួនគាត់បានដើរច្រូតស្មៅម្នាក់ឯងដើម្បីយកទៅឲ្យគោស៊ី និងបានទុកកូនប្រុសទាំងពីរនាក់ឈ្មោះ លី សុខខែត និង លី សុខខុន នៅជាមួយបងប្អូន នៅកន្លែងទុកគោយន្តកន្ត្រៃ។ លុះវេលាម៉ោង ៣និង ៣០នាទីរសៀល ត្រូវត្រឡប់ទៅផ្ទះវិញ ស្រាប់តែមិនបានឃើញកូនរបស់ខ្លួននៅកន្លែងទុកគោយន្តទេ។ ក្រោយមកក៏បាននាំគ្នាដើររកឃេីញខោនិងអាវនៅលេីលូទឹកអូរ តាមផ្លូវក៏នាំគ្នាចុះរាវនៅមុខលូដែលទឹកមានកម្ពស់ពីរម៉ែត្រ។ពេលនោះឈ្មោះញឹម ញ៉ុន ត្រវជាបងបានចុះរាវប៉ះចំកូនទាំងពីររបស់ខ្លួននៅបាតអូរក៏ស្រង់មកពិនិត្យ ឃេីញថាស្លាប់បាត់បង់ជីវិតទៅហើយក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយដឹងព័ត៌មាននេះ សមត្ថកិច្ចជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងគ្រួសារសពចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកេីតហេតុនិងសាកសព។

បើតាមការពិនិត្យនៅលើមាត់និងច្រមុះមានហៀរទឹកលាយភក់និងដងខ្លួនសពទាំងពីរពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ , ហើយបានធ្វើការសន្និដ្ឋានថា ក្មេងប្រុសទាំង២នាក់បានស្លាប់ដោយសារលង់ទឹកដោយខ្លូនឯងប្រាកដមែនព្រោះតែការធ្វេសប្រហែសរបស់ម្តាយ និងអ្នកទៅជាមួយ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសរងគ្រោះទាំងពីរនាក់បងប្អូន ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖