ប្រភពពីក្លិបនៅ Premier League បានបញ្ជាក់កាលពីថ្ងៃចន្ទថាខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United បានដកខ្លួនចេញពីក្រុមអង់គ្លេសដែលកំពុងត្រៀមសំរាប់ការប្រកួតកម្មវិធី UEFA Nations League ចំនួន២ប្រកួត។
ក្រុមតោកំណាចអង់គ្លេសនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់ដើម្បីចូលរួមប្រកួតរបស់ពួកគេនៅក្នុងពូល A2 នៃពានរង្វាន់Nations League នៅថ្ងៃទី៥ ខែកញ្ញា និងបន្ទាប់មកដំណើរទៅកាន់ប្រទេសដាណឺម៉ាកនៅថ្ងៃទី៨ ខែកញ្ញា
Rashford ត្រូវបានជ្រើសរើសដោយអ្នកចាត់ការទូទៅលោក Gareth Southgate ទៅក្រុមដែលមាន២៤នាក់កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវដកខ្លួនដោយសារបញ្ហារបួសកជើង។ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបាននិយាយនៅលើបណ្តាញសង្គមថា “ខ្ញុំមិនដែលចង់ធ្វើឱ្យក្រុមនេះចុះខ្សោយនោះទេប៉ុន្តែការប្រកួតទាំងនេះនឹងមកដល់ឆាប់ៗសម្រាប់ខ្ញុំ។ ខ្ញុំត្រូវតែផ្តោតលើការចាប់ផ្តើមរដូវកាលនេះនៅពេលនេះ។ ខ្ញុំមានបញ្ហាកជើងដូច្នេះមានតែពាក្យជូនពរឲ្យក្រុមខ្ញុំទទួលបានជោគជ័យ”។
សហព័ន្ធបាល់ទាត់អង់គ្លេសបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ក្រុមរបស់លោក Southgate នឹងគ្មានខ្សែបំរើ Harry Winks របស់ក្រុម Tottenham នោះទេ ប៉ុន្តែប្រធានក្រុម Aston Villa លោក Jack Grealish បានទទួលការកោះហៅជាលើកដំបូងទៅកាន់ក្រុមជម្រើសជាតិអង់គ្លេស ៕ដោយ៖ភារៈ