ព័ត៌មានទាន់ហេតុការណ៍៖

«ភ្នំស្រះខ្ចៅ»មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រភព​ពីHeritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានឱ្យដឹងថា៖ «ភ្នំស្រះខ្ចៅ» ភ្នំនេះជាប្រភេទថ្មភក់។ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទ​បាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដី​ចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។ ប្រាសាទស្រះខ្ចៅត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួ​ប្រាសាទដែលបែកបាក់។

ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទី មនោរម្យសម្រាប់អ្នកដើរកំសាន្ត។ ពិតជារំសាយអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លា។ អ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ដើម្បីផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានឃើញមានភ្ញៀវបរទេសបោះតង់ប្រមាណ០៥តង់ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។

ភ្នំស្រះខ្ចៅស្ថិតនៅខេត្តកំពង់ធំ​ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច​បង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូល និងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូល ប្រាសាទស្រះខ្ចៅ។ ពុទ្ធសាសនិកជនបានចូល បច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាល​បេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ។ 

សូមជូនពរអ្នកអាននូវសុខភាពល្អ និងមានសុភមង្គលគ្រប់ៗគ្នា៕ 

ដោយ៖ សិលា


ចែករំលែក៖