ព័ត៌មានទាន់ហេតុការណ៍៖

មហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លេីកទី៤១​ តាមរយៈប្រព័ន្ធវីដេអូ​ (Video Conference) ចាប់ពីថ្ងៃទី៨​ ដល់ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា​ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជេីញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លេីកទី៤១​ តាមរយៈប្រព័ន្ធវីដេអូ​ (Video Conference) ចាប់ពីថ្ងៃទី៨​ ដល់ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ តបតាមការអញ្ជើញ របស់ លោកស្រី ង្វៀន ធីគីមចិន(Nguyen Thi Kim Nga) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA ) លើកទី៤១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ បាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ផ្សាយចេញ ពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ ការទូតសភាដើម្បី ភាពស្អិតរមួត និងការឆ្លើយតបអាស៊ាន”។ នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាម គណៈកម្មាធិការ ជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំ មានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA ) កិច្ចប្រជុំសមាជិកសភាអាយបាំវ័យក្មេង ភិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង កិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប៊្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖