ព័ត៌មានទាន់ហេតុការណ៍៖

សាលានៅខេត្តរតនគិរី នឹងបើកឡើងវិញទាំងអស់ដោយប្រុងប្រយ័ត្នជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទសាលារៀននៅទូទាំងប្រទេស ក្រោយជួបវិបត្តិជំងឺកូវីដ-១៩ អស់រយះពេលជាច្រើនខែ ចាប់ពីជិតបំណាច់ឆ្នាំ២០១៩ នោះមក ។ ប៉ុន្តែ នៅគ្រាបច្ចុប្បន្ន ដោយសារជំងឺកូវីដ-១៩ មិនមានរកឃើញអ្នកឆ្លងថ្មី រាជរដ្ឋាភិបាល បានសម្រេចបើកទ្វារសាលារៀនឡើងវិញ ដើម្បីផ្តល់ឧិកាសឲ្យសិស្សានុសិស្សនៅទូទាំងប្រទេស បានចូលគ្រេបយកចំណេះដឹងទូទៅ បើទោះបីកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩នេះ ក៏ដោយ ។

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើដំណើរការ បើកសាលារៀនឡើងវិញ នៅក្នុងដំណាក់កាលទី២នេះ ដែលកិច្ចប្រជុំពិភាក្សានោះ បានធ្វើឡើងក្រោមការ បង្ហាញវត្តមាន អភិបាលរងខេត្តរតនគិរី លោក គិត ទ្រី ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាល ក្រុង-ស្រុកទាំង៩ ប្រធានការិយាល័យអប់រំ និងប្រធានមណ្ឌលសុខភាពក្រុង-ស្រុកទាំង៩ ផងដែរ។

អភិបាលរងខេត្តរតនគិរី លោក គិត ទ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អ និងពង្រឹងគុណភាពអប់រំ ដើម្បីផលិតបានធនធានមនុស្ស ប្រកបដោយគុណភាព គុណធម៌ ពោល គឺជាមនុស្សពោរពេញទៅដោយចំណេះដឹង មានជំនាញច្បាស់លាស់ មានឥរិយាបថល្អ ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ប្រទេស ឲ្យក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ លោកបានបន្តថា ដើម្បីឆ្លើយតបតាមចក្ខុវិស័យ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ ឲ្យដល់ចំណុចគោលដៅរបស់ខ្លួន យើងទាំង អស់គ្នា គឺជាអ្នកអនុវត្តចក្ខុវិស័យនេះ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោក គិត ទ្រី បានក្រើនរំលឹក ថា នៅក្នុងដំណាក់កាលដាក់ឲ្យដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ទូទាំងខេត្តរតនគិរី នៅដំណាក់កាលទី២នេះ សូមគ្រប់សាលាទាំងអស់ ត្រូវអនុវត្តឲ្យបានល្អប្រសើរ នូវវិធានការសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយធ្វើយ៉ាងណា ត្រូវមានឧបករណ៍សម្រាប់វាស់កំដៅ សាប៊ូ អាល់កុល ឬទឹកជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាតសង្គម ដើម្បីប្រយុទ្ធប្រឆាំងការ ចម្លងវីរុសរលាកផ្លូវវដង្ហើម ប្រភេទថ្មី «កូវីដ-១៩»នេះ ដែលជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា។

លោកបានជម្រុញដល់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធ ក៏ដូចជា អង្គការដៃគូ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ពង្រឹងវិធានការការពារខ្លួន និងបន្តការផ្សព្វផ្សាយ ឲ្យបានផុសផុល អំពីជំងឺកូវីដ-១៩ ដែលកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា ជាពិសេស ត្រូវផ្សព្វផ្សាយសេចក្ដីណែនាំលេខ១០ លេខ១១ និង១២ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយបំផុត ៕

ដោយ៖ សូរិយា


ចែករំលែក៖