ព័ត៌មានទាន់ហេតុការណ៍៖

ឈប់រថយន្តចងអីវ៉ាន់គ្មានភ្លើងសញ្ញាសម្គាល់ត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុងឈប់ចតចងអីវ៉ាន់គ្មានភ្លើងសញ្ញាសម្គាល់ហើយត្រូវម៉ូតូបុកពីក្រោយពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង៦និង៩នាទីព្រលប់ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០លើជាតិលេខ១៣ ចន្លោះគឺឡូម៉ែត្រលេខ៤៧និង៤៨ចំណុចភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះជូ យឿន ភេទប្រុស អាយុ៣១ឆ្នាំ មុឋរបរកសិកររស់នៅភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែកជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០១៨ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១L-៧២៤៦ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបើករថយន្តមានឈ្មោះ
ប្រាក់ ដន និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះភាន ភាស់ អាយុ១៩ឆ្នាំ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពបន្តថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ខៀវចាស់ពាក់ស្លាកលេខភ្នំពេញ២A-០៧៩៣ក្នុងទិសដៅពីត្បូងទៅជើងដោយមានមនុស្ស២នាក់ ពេលមកដល់ចំណុចកើតហេតុក៏ឈប់ចតចងអីវ៉ាន់ដោយគ្មានភ្លើងសញ្ញាសម្គាល់ ខណៈស្រាប់តែមានម៉ូតូ១គ្រឿងបើកស្របទិសគ្នាមកបុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

ចំណែកវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕ ដោយ៖ យឹម សុថាន


ចែករំលែក៖