ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ បើគ្មានវត្តមាននយោបាយ​ឈ្នះ=ឈ្នះ​ របស់សម្តេច ហ៊ុន សែន ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច

ចែករំលែក៖

ភ្នំពេញ៖ បើគ្មានវត្តមាននយោបាយ​ឈ្នះ ឈ្នះ​ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរទៅតំបន់មួយចំនួននៃមាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានាដូចសព្វថ្ងៃនេះឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លើ Facebook ផ្លូវការសម្តេច ។
ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិងពុះពារគ្រប់ឧបសគ្គដើម្បីអនុវត្តនូវនយោបាយ​ ឈ្នះ-ឈ្នះ។ វត្តមានរបស់នយោបាយ​ ឈ្នះ-ឈ្នះ​ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុតក្នុងដំណើរការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិ។
សម្តេចក៏បានក្រើនរំឮកដល់ជនរួមជាតិផងដែរ បច្ចុប្បន្ន ការគំរាមកំហែងរបស់មេរោគកូវីដ-១៩ នៅតែមានកម្រិតខ្ពស់គួរឱ្យបារម្ភសម្រាប់ពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចៀសវាងការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ។
យើងមិនអាចភ្លេចនូវពាក្យខាងក្រោមនេះថា៖
– អរគុណសន្តិភាព
– អរគុណនយោបាយ ឈ្នះ ឈ្នះ
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖