ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ​អះអាងថា៖ មិន​ឲ្យ​មាន​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​ក្នុងទឹកដីខ្លួននោះឡើយ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានរបាយការណ៍មួយរបស់ក្រសួងការពារជាតិអាមេរិកដែលបានព្យាករថា ចិន កំពុងរៀបផែនការបំពាក់មូលដ្ឋានយោធាមួយនៅក្នុងទឹកដីឥណ្ឌូណេស៊ីនោះ លោកស្រីរដ្ឋមន្ត្រីការបរទសឥណ្ឌូណេស៊ី Retno Marsudi បានប្រតិកម្មអះអាងទៅវិញភ្លាមៗ ថា៖ឥណ្ឌូណេស៊ី នឹងមិនឲ្យមានមូលដ្ឋានយោធាពីបណ្តាប្រទេសបរទេសរាប់បញ្ចូលទាំងចិន នៅក្នុងទឹកដីឥណ្ឌូណេស៊ីបានឡើយ

មិនតែប៉ុណ្ណោះប្រមុខការទូតឥណ្ឌូណេស៊ី ថែមទាំងបដិសេធជំទាស់ដាច់ខាតទៅនឹងរបាយការណ៍ដែលរបស់ក្រសួងការពារជាតិអាមេរិកអះអាងថា៖រដ្ឋាភិបាលក្រុងប៉េកាំង មានផែនការបំពាក់មូលដ្ឋានយោធាមួយនៅឥណ្ឌូណេស៊ី សម្រាប់ក្រុងហ្សាការតា ក្រៅពីផ្ទុយទៅនឹងគោលការណ៍ច្បាប់មិនទាន់មានហេតុផលណាមួយដែលឥណ្ឌូណេស៊ី ត្រូវការជំនួយយោធាពីបរទេសនោះទេ

តាមការចុះផ្សាយរបស់សារព័ត៌មានហ្សាការតាប៉ុស្តិ៍របស់ឥណ្ឌូណេស៊ី  នាន្នីសីទសារព័ត៌មានប្រចាំថ្ងៃទី០៤ កញ្ញាកន្លងទៅ លោកស្រីរដ្ឋមន្ត្រី Retno បានសង្កត់ធ្ងន់យ៉ាងខ្លីថា អនុលោមតាមច្បាប់ និងគោលការណ៍នៃគោលនយោបាយការបរទេសឥណ្ឌូណេស៊ី អធិបតេយ្យរបស់ឥណ្ឌូណេស៊ីមិនអាច ហើយក៏មិនអនុញ្ញាតឲ្យប្រទេសបរទេសសាងសង់មូលដ្ឋានយោធាបានឡើយ

ទីភ្នាក់ងារសារព័ត៌មានហ្សាការតាប៉ុស្តិ៍របស់ឥណ្ឌូណេស៊ី បានបញ្ជាក់ទៀតថារបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលមានចំណងជើងថាការអភិវឌ្ឍយោធា និងសន្តិសុខពាក់ព័ន្ធនឹងចិនប្រចាំឆ្នាំ២០២០ ត្រូវបានដាក់ឲ្យសភាអាមេរិកពិនិត្យ និងវាយតម្លៃសម្រាប់អនុវត្តគោលនយោបាយទៅកាន់ចិន របាយការណ៍នោះ បានវិភាគពីយុទ្ធសាស្ត្រជាតិរបស់ចិននិងសក្តានុពលនៃការផ្លាស់ប្តូរកងទ័ពរបស់ចិននារយៈពេល២០ឆ្នាំខាងមុខ

ជាក់ស្តែងនៅក្នុងរបាយការណ៍ដដែលនោះ បានយល់ឃើញថា លើសពីមូលដ្ឋានដែលកំពុងមាននៅប្រទេសជីប៊ូទី កងទ័ពចិន ក៏ទំនងជាបានត្រៀមខ្លួនរួចរាល់ក្នុងការពិចារណា និងរៀបផែនការសម្រាប់ការបំពាក់មូលដ្ឋានយោធានៅបរទេសបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការគាំទ្រវិស័យយោធារបស់ខ្លួនរាប់បញ្ចូលទាំងទ័ពជើងទឹក អាកាស និងដែនគោក

គួរបញ្ជាក់ថា ការដែលធ្វើឲ្យឥណ្ឌូណេស៊ី ត្រូវផ្ទុះប្រតិកម្មនោះគឺ ក្នុងរបាយការណ៍ដែលមានកម្រាស់២០០ទំព័រនោះ បានបញ្ជាក់ថា៖ កងទ័ពរបស់ចិនទំនងជាបានពិចារណា លើទីតាំងសម្រាប់បំពាក់មូលដ្ឋានយោធារបស់ខ្លួននៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ថៃ សិង្ហបុរីឥណ្ឌូណេស៊ី ប៉ាគីស្ថាន ស្រីលង្កា និងបណ្តាប្រទេសដៃគូជិតស្និទ្ធមួយចំនួនផ្សេងទៀត៕ដោយ៖ស តារា


ចែករំលែក៖