អន្តរជាតិ៖ អាជ្ញាធរគ្រឿងញៀនប្រទេសឥណ្ឌា បានចាប់ឃាត់ខ្លួនតារាបូលីវូដស្រីល្បីឈ្មោះ កញ្ញា Rhea Chakraborty កាលពីម្សិលមិញនេះ ដោយសង្ស័យមានជាប់ទាក់ទង នឹងការស្លាប់របស់តារាបូលីវូដប្រុសល្បីឈ្មោះលោក Sushant Sing Rajput ខណៈបច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដកស្រង់សម្តីអ្នកនាំពាក្យរបស់អាជ្ញាធរគ្រឿងញៀន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេថា តើនាងពិតជាជាប់ទាក់ទងនឹងការស្លាប់របស់ Rajput ឬយ៉ាងណា? ។
សូមជម្រាបថា ការឃាត់ខ្លួន និងបើកការស៊ើបអង្កេតលើតារាបូលីវូដស្រីChakraborty គឺបន្ទាប់ពីក្រុមគ្រួសាររបស់តារាប្រុស Rajput ចោទប្រកាន់នាង និងឲ្យនាងទទួលខុសត្រូវចំពោះការស្លាប់របស់មិត្តប្រុសនាង ដែលត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះ កាលពីថ្ងៃទី១៤ខែមិថុនា កន្លងទៅ។
បើតាមរបាយការណ៍ពីការិយាល័យស៊ើបអង្កេតឥណ្ឌា ដែលបានបង្ហាញកាលពីខែមុន ក៏បានអះអាងថា តារាស្រីរូបនេះ ត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការធ្វើអត្តឃាត, ដើមហេតុនៃការប្រព្រឹត្តិបទល្មើស និងអំពើចោរកម្ម។
ចំពោះការស្លាប់របស់តារាប្រុសល្បីឈ្មោះក្នុងវ័យបូលីវូដ Sushant Singh Rajput តួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ» នៅតែជារឿងចាប់អារម្មណ៍ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក។ ជាពិសេស ករណីស្លាប់របស់តារាប្រុសរូបនេះ គឺកំពុងស៊ើបអង្កេតជាបន្តបន្ទាប់ផងដែរ ថ្វីត្បិតពេលនេះប្រទេសឥណ្ឌាកំពុងមានជំងឺឆ្លងកូវីដ-១៩កើនឡើងខ្លាំងក៏ដោយ ។
ក្រោយពីមានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានបង្ហាញថា តារាChakraborty បានព្រងើយកន្តើយនឹងអ្នកសារព័ត៌មាន មុនពេលប៉ូលិសចាប់ខ្លួន។ ជាមួយគ្នានេះ កាលពីសប្តាហ៍នេះ បងប្រុសបង្កើតរបស់នាង គឺShowik ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ទាំងមិនបានបញ្ជាក់ពីមូលហេតុនោះទេ ៕
ដោយ៖ស តារា