ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតជម្រុះ World Cup តំបន់អាមេរិកកណ្តាលត្រូវពន្យារពេល

ចែករំលែក៖

វគ្គជម្រុះជុំទី១នៃការប្រកួតជម្រុះ FIFA World Cup សម្រាប់ប្រទេសនៅតំបន់អាមេរិកខាងជើង, អាមេរិកកណ្តាល ត្រូវបានពន្យារពេលគឺត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយវិញដោយសារតំបន់ទាំងនេះនៅតែមានស្ថានភាពមិនធូរស្រាលពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) បានប្រកាសថា ការប្រកួតវគ្គជម្រុះដែលនឹងចាប់ផ្តើមនៅខែតុលា ប៉ុន្តែត្រូវបានលើកពេលឲ្យចាប់ផ្តើមនៅខែមីនា ឆ្នាំក្រោយវិញ

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ FIFA បានឲ្យដឹងថាផ្នែកជាច្រើននៃតំបន់ទាំងនោះនៅតែបន្តប្រឈមនឹងស្ថានភាពសុខភាពសាធារណៈយ៉ាងខ្លាំង ហើយនេះជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះលើសពីនេះប្រទេសជាច្រើននៅទូទាំងសហព័ន្ធមានការរឹតត្បិតការធ្វើដំណើរ និងការដាក់ឱ្យនៅដាច់ពីគ្នាដែលនឹងធ្វើឱ្យការប្រកួតបាល់ទាត់អន្តរជាតិដែលមានការចូលរួមពីក្រុមជម្រើសជាតិចំនួន ៣០មានការពិបាក

FIFA បានបន្ថែមទៀតថា កាលវិភាគថ្មីមួយនឹងត្រូវបានបង្ហាញនៅក្នុងពេលវេលាជាក់លាក់មួយបន្ទាប់ពីកិច្ចពិភាក្សាបន្ថែមទៀតជាមួយមន្រ្តីសហព័ន្ធបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) ដោយបានបញ្ជាក់ថា មានតែជុំទីមួយប៉ុណ្ណោះដែលនឹងត្រូវធ្វើឡើងនៅខែមីនា។

យោងតាមទម្រង់ប្រកួតជម្រុះរបស់សហព័ន្ធបាល់ទាត់តំបន់អាមេរិកកណ្តាលអ្នកឈ្នះនៃក្រុមនីមួយៗក្នុងជុំទី៦ នឹងត្រូវប្រកួតជម្រុះតាមពូលចំនួនពីរដើម្បីដណ្តើមយកចំណាត់ថ្នាក់នៅដំណាក់កាលចុងក្រោយ។

ម៉ិចស៊ីកូ, សហរដ្ឋអាមេរិក, កូស្តារីកា, ចាម៉ៃកា និងហុងឌូរ៉ាសបានទទួលកៅអីមួយនៅជុំចុងក្រោយរួចទៅហើយ ព្រោះតែក្រុមទាំងនេះទទួលបានចំណាត់ថ្នាក់ល្អ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នឹងត្រូវលេងនៅប្រទេសកាតាចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ ដោយ៖ភារៈ


ចែករំលែក៖