ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានធ្វើការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលលាក់ទុកគ្រឿងញៀនជាងកន្លះគីឡូក្រាម ។
ការឆ្មក់បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនដ៏ធំនៅក្នុងស្រុកទ្រាំងនេះគឺ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទើបឈានទៅដល់ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែនេះបានដោយជោគជ័យ ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែខាងលើនេះ គឺបន្ទាប់ពី កម្លាំងបានទទួលដំណឹងពីភ្នាក់ងារសម្ងាត់ ទើបលោកដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំង និងឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ២៣ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើ និង ដកហូតបានម្សៅក្រាមសថ្លា ចំនួន១៤កញ្ចប់ មានទម្ងន់៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង២ និង ទូរស័ព្ទដៃមួយគ្រឿង ។
បើតាមចម្លើយសារភាពរបស់ស្ត្រីដែលជាជនសង្ស័យខាងលើ បានឱ្យដឹងថា ថ្នាំញៀនទាំងនេះមិនមែនជារបស់នាងនោះទេ គឺជារបស់ប្តីរបស់នាងមានឈ្មោះ ម៉េង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ។
ក្នុងករណីនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជូនស្ត្រីជាជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ចេស្តា