ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ទាំងអស់ឱ្យបានជ្រាបថា ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការ និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបាន បន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានតួលេខ ចំនួន ១៩០ (មួយរយកៅសិប ) ដុល្លារអាម៉េរិក ជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
យោងរបាយការណ៍របស់ លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩០ (មួយរយកៅសិប) ដុល្លារ អាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៧ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក ក្នុងមួយខែ,ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ (ពីររយប្រាំបួន ក្នុងមួយខែ។ ) ដុល្លារអាម៉េរិក ដល់ ២២០ (ពីររយម្ភៃ) ដុល្លារអាមេរិក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធី កែទម្រង់នានា សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងនៃប្រទេស និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុន វិនិយោគ ថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ចំនួន ៥ជុំ ដើម្បីចូលរួមចំណែកបន្ធូរបន្ទុក ការរស់នៅរបស់ប្រជាពលរដ្ឋ និងការជួយស្តារ និងជំរុញកំណើន សេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ -១៩។ ក្រសួងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើ តួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់ នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាក្រុមគ្រួសារកាន់តែ មានភាពល្អប្រសើរឡើងជាងមុន។
ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នេះ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ៖ សុខ ខេមរា