ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទជាច្រើនត្រូវកម្លាំងសហការខណ្ឌរដ្ឋបាលជលផលបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ៖ លោក ម៉ក់ ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផលកាលពីថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២០នៅចំណុចបឹងរំលាចក្រុងក្រចេះ  ដោយមានការចូលរួមពីសំណាក់អភិបាលរងក្រុងផងដែរ ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនេះ កម្លាំងសហការបានរឹបអូសដកហូតវត្ថុតាងនៃបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់បានជាច្រើនផងដែរក្នុងនោះមាន៖ របាំងស្បៃមុងចំនួន២៥ខ្សែ ប្រវែង ១២០០ម៉ែត្រ, លូស្បៃមុងចំនួន២៩មាត់លូ, បង្គោលចម្រឹងឫស្សីឃ្លៃចំនួន៣៧៥ ដើម, ចាក់លែងកូនត្រីចម្រុះចំនួន ១១គីឡូក្រាមចូលក្នុងដែនទឹកធម្មជាតិវិញក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
លោកម៉ុក ពន្លកឱ្យដឹងបន្តទៀតថា វត្ថុតាងដែលរឹបអូសត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះដើម្បីទុកជូនដល់សហគមន៍ ឬក៏ក្រុមប្រឹក្សាសង្កាត់ដែលមានបំណងចង់យកទៅបម្រើក្នុងប្រយោជន៍វិស័យកសិកម្ម ដោយខណ្ឌរដ្ឋបាលជលផល នឹងផ្ដល់ជូនតាមការស្នើសុំទៅតាមវត្ថុតាងដែលនៅសេសសល់ក្នុងឃ្លាំង។

លោក ម៉ុក ពន្លកក៏បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឱ្យមានការចូលរួមដើម្បីថែរក្សា ការពារ នូវធនធានជលផលទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជាឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃមុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែននេសាទ ទាំងបឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិឹសក៏មិនសេសសល់ដែរ។

លោកបញ្ជក់ទៀតថា លោកនឹងដឹកនាំមន្រ្តីរបស់លោកសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើសជលផលក្នុងរដូវបិទនេសាទនេះឱ្យដូចភ្លៀងរលឹម ។

ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមចំណែកក្នុងការការពារថែរក្សាធនធានជលផលដែលកំពុងតែមានការយាយី កំពុងតែមានការរងគ្រោះ កំពុងតែជួបប្រទះនូវបញ្ហាបទល្មើសជាច្រើន ដែលកំពុងធ្វើសកម្មភាពបំផ្លាញមច្ឆជាតិពីមួយថ្ងៃទៅមួយថ្ងៃនោះផង៕

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖