ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើធ្នង់និងនាងនួនពេញព្រៀបចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះបម្រុងទៅប្រទេសវៀតណាមត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបានហើយប្រគល់ទៅឱ្យជំនាញ។
ការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើឡើងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពឱ្យដឹងថា ការបង្រ្កាបនោេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ផងដែរ។
ប្រភពបន្តទៀតថា រថយន្តដឹកឈើនោះបើកចេញពីខេត្តស្ទឹងត្រែង ហើយត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបានដោយមានការចូលរួមពីសំណាក់កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ និងស្រុកសំបូរផងដែរទើបអាចបង្ក្រាបបានទាំងអ្នកបើកបររថយន្តនិងឈើជាវត្ថុតាងនោះតែម្តង។
តាមការបង្ហើបពីប្រជាពលរដ្ឋក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះថា រហូតមកដល់ពេលនេះបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងគ្រប់រូបភាពឥតឈប់ឈរដោយពុំសូវឃើញមានសមត្ថកិច្ចបង្ក្រាបនោះទេ ខណៈដែលឈ្មួញធំៗនៅតែអាចគេចផុតពីការបង្ក្រាបតែដដែល។
ឯរថយន្តបង្ក្រាបបាននោះសមត្ថកិច្ចមិនទាន់បានបង្ហាញអត្តសញ្ញាណនៅឡើយទេ ពេលនេះកំពុងរក្សាទុកនៅរដ្ឋបាលព្រៃឈើខណ្ឌចាត់ការតាមច្បាប់ព្រៃឈើផងដែរ៕ ដោយ៖ ជីវ័ន្ត