ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសន្ទនាអន្តរសកម្ម ស្តីពីមេរោគកូវីដ-១៩ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ទីក្រុងហ្សឺណែវ រយៈពេលថ្លែង (១នាទី និង៣០វិនាទី )

ចែករំលែក៖

ភ្នំពេញ៖ បទអន្តរាគមន៍របស់ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ក្នុងសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របៀបវារៈទី២ : កិច្ចសន្ទនាអន្តរសកម្ម ស្តីពីមេរោគកូវីដ-១៩ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
ទីក្រុងហ្សឺណែវ រយៈពេលថ្លែង (១នាទី និង៣០វិនាទី )។ ក្នុងនោះបានបញ្ជាក់ថា៖

១.លោកថា៖ គណៈប្រតិភូយើងខ្ញុំសូមកត់សម្គាល់នូវរបាយការណ៍បច្ចុប្បន្នភាពរបស់លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្ដីពីមេរោគកូវីដ១៩។
២.អស់រយៈពេល ៩ ខែ កន្លងមកហើយ ដែលពិភពលោកទាំងមូលបាននិងកំពុងចាត់វិធាន ការឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ដែលតម្រូវឱ្យមានការឆ្លើយតប វិសាមញ្ញ ជាមួយនឹងការបន្តសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយមប្រកបដោយ ប្រសិទ្ធភាព សាជាថ្មី។

៣.ក្នុងន័យនេះ ប្រទេសកម្ពុជាសូមស្វាគមន៍ចំពោះការអនុម័តនាពេលថ្មីៗនេះនូវសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីមេរោគកូវីដ១៩ និងបាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលបានស្នើឲ្យមានការជួយសម្របសម្រួលដល់ការឆ្លើយតប នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ រួមទាំង ការបម្លាស់ទីនៃមន្ត្រីនិងសម្ភារៈមនុស្សធម៌និងសុខាភិបាល សំដៅធានានូវនិរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិត។ លើសពីនេះទៀតក្រសួងនិងអាជ្ញាធរ ពាក់ព័ន្ធរបស់កម្ពុជា ត្រូវបានណែនាំឱ្យសហការជាមួយអង្គការសុខភាពពិភពលោកនិងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទី ភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្របសម្រួលដល់ប្រតិបត្តិការខាងលើ។

៤.នៅកម្រិតជាតិ ប្រទេសកម្ពុជាបានធ្វើការគ្រប់គ្រងមេរោគកូវីដ១៩ ប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ដោយមានចំនួនឆ្លងសរុប២៧៥ ករណី (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា) ដែល ទាំងអស់ជាករណីនាំចូល នៅវិជ្ជមានចំនួន០១ ពុំមានអ្នកស្លាប់ និងគ្មានសញ្ញានៃការ ឆ្លងសហគមន៍ផងដែរ។ ម្យ៉ាងទៀត កម្ពុជាពុំដែលឈានដល់ដំណាក់កាលដែលតម្រូវ ឱ្យមានការបិទប្រទេសនោះឡើយ។

៥. ក្រៅពីវិធានការគាំទ្រអាជីវកម្មដែលរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវកិច្ចអន្តរាគមន៍ការពារសង្គមជាច្រើនជុំដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ក្រុម ងាយរងគ្រោះ។ កម្មវិធីឧបត្ថម្ភ “សាច់ប្រាក់សម្រាប់ការងារ ” របស់រាជរដ្ឋាភិបាល បន្ត ចូលរួមក្នុងការអភិវឌ្ឍជនបទ និងគាំទ្រដល់កសិករ តាមរយៈការធ្វើអោយប្រសើរ ឡើងនូវហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងឱកាសបង្កើតការងារបន្ថែម។

៦.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ដែលរួមទាំងជនពិការ ស្ត្រី មានផ្ទៃពោះ និងកុមារ បានផ្តល់អត្ថប្រយោជន៍ជូនគ្រួសារចំនួនលើសជាងកន្លះលាន គ្រួសាររួចហើយ។ គ្រួសារចំនួនជាង៦០.០០០ ផ្សេងទៀត នឹងត្រូវដាក់បញ្ចូលបន្ថែម នៅក្នុងដំណាក់កាល ទី២ នៃកម្មវិធីបណ្តោះអាសន្នខាងលើនេះ។

៧. ដោយឡែក និយោជិតចំនួនជិត ២៥០.០០០ នាក់ នៅក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ដែលភាគច្រើនបំផុតគឺជាស្ត្រី ហើយដែលការងាររបស់ពួកគេត្រូវបានព្យួរ ដោយសារមេរោគកូវីដ១៩ ក៏បានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ក្នុងអំឡុងគ្រាដ៏លំបាកនេះ។

៨. ជាចុងបញ្ចប់ គណៈប្រតិភូយើងខ្ញុំសូមបញ្ជាក់ជាថ្មីថា ការឆ្លើយតបរបស់កម្ពុជាចំពោះ មេរោគកូវីដ១៩ បានដាក់បញ្ចូលនូវគុណតម្លៃនៃសិទ្ធិមនុស្ស និងគោលការណ៍មិន រើសអើង សំដៅមិនបោះបង់បុគ្គលណាម្នាក់ចោលទេ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖