ព័ត៌មានទាន់ហេតុការណ៍៖

FBI បើកការស្រាវជ្រាវលើកញ្ចប់ទំនិញមានសារធាតុពុល ricin ផ្ញើទៅឲ្យលោកត្រាំ

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន​CNN បានផ្សាយថា ​ក្រុម FBI អាមេរិក បានបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំក្រោយរកឃើញកញ្ចប់ទំនិញផ្ញើទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ មានសារធាតុ ricin ដែលជាសារធាតុគីមីជីវសាស្ត្រ​​មានកម្រិតគ្រោះថ្នាក់ខ្ពស់​។
សារព័ត៌មានCNN បានដកស្រង់ប្រភពព័ត៌មាន​សន្តិសុខពីរផ្សេងគ្នា នៅថ្ងៃទី​១៩ខែកញ្ញា​ហើយបានបញ្ជាក់ថា ភ្នាក់ងាស៊ើបការណ៍សម្ងាត់អាមេរិក FBI បានរក្សាទុកកញ្ចប់ទំនិញផ្ញើទៅកាន់សេតវិមាន កាលពីដើមសប្តាហ៍កន្លងមក មានផ្ទុកសារធាតុពុលកម្រិតខ្ពស់ ricin ​។
សារធាតុ ricin ក្នុងកញ្ចប់ទំនិញ ត្រូវបានបញ្ជាក់ពីក្រុមជំនាញពីរផ្សេងគ្នា ។ សារព័ត៌មាន CNNបានផ្សាយថា មុនពេលផ្ញើចូលទៅកាន់សេតវិមាន រាល់វត្ថុទាំងអស់ទាំងលិខិត គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ពីក្រុមជំនាញនៅខាងក្រៅសេតវិមានជាមុន។
សារព័ត៌មានNew York Times បានផ្សាយថា កញ្ចប់ទំនិញខាងលើបានផ្ញើពីប្រទេសកាណាដា។ នៅពេលនេះដែរ ក្រុម​FBIបានប្រកាសថា មិនមានផលប៉ះពាល់ឬគំរាមកំហែងដល់សន្តិសុខនោះឡើយ។
សារធាតុគីមី ជីវសាស្ត្រ Ricin មានកម្រិតពុលខ្ពស់ ​តែងតែត្រូវ​បានក្រុមភេរវកម្មប្រើប្រាស់ក្នុងការវាយប្រហារសម្លាប់មនុស្សជាច្រើន ។ កាលពីខែតុលាឆ្នាំ​២០១៨ សារធាតុជីវសាស្ត្រ Ricin​ត្រូវបានគេរកឃើញក្នុងកញ្ចប់ទំនិញ ផ្ញើទៅកាន់ក្រសួងការពារជាតិអាមេរិកផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖