ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ស្រួង ភាវី ៖ ខ្ញុំចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើន នៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរយើង ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”

ចែករំលែក៖

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី ពិតជាមានមោទកភាពក្នុងនាមជានារីខ្មែរមួយរូបគឺចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើននៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរយើង ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”។
កីឡាការិនី ស្រួង ភាវី រូបនេះបានបញ្ជាក់ក្នុងហ្វេសប៊ុកផ្លូវការថា៖ ទម្រាំនាងខ្ញុំបានដើរមកដល់ចំណុចជោគជ័យមួយនេះ គឺវាសនាខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងជីវិតរាប់មិនអស់ ឯកា ឈឺចាប់ ភូមិកំណើតខ្លួនជាភូមិក្រីក្រ ទើបខ្ញុំសម្រេចចិត្តចាកចេញមកនេះ ដើម្បីស្វែងរកពន្លឺជីវិតថ្មីលើទឹកដីថ្មី សង្ឃឹមថា ខ្ញុំនឹងអាចជួយដល់មាតុភូមិតាមរយៈជំនាញណាមួយដែលខ្ញុំខំរៀន ទីបំផុតគឺស្នូកឃ័រនេះឯង ដែលធ្វើឱ្យជនជាតិកូរ៉េនិងពិភពលោកមានការភ្ញាក់ផ្អើលក្នុងនាមខ្ញុំជានារីខ្មែរមួយរូប។ ខ្ញុំជឿថាគ្រប់គ្នាគឺមានជំនាញពិសេសរៀងៗខ្លួន តែមកពីមិនអនុវត្តវាតែប៉ុណ្ណោះ។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន សូមកុំចំណាយពេលឥតប្រយោជន៍ទៅលើសម្ភារនិយម និងកម្មវិធីឥតប្រយោជន៍ក្នុងបណ្តាញសង្គម គួរតែខំរៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យល្អ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់អនាគតយើងទាំងអស់គ្នា។
នាងថ្លែងយ៉ាងខ្លីថា៖ (រៀនទៅៗ មិនទាន់អស់ផ្លូវហួសពេលទេ!!)៕

ដោយ៖សិលា


ចែករំលែក៖