ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាចាប់មនុស្ស៤៤៤នាក់បំពានច្បាប់បម្រាមគោចរ

ចែករំលែក៖

តាមតួលេខពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ា​បានប្រកាសនៅថ្ងៃទី ២០ខែកញ្ញាថា សរុបមានមនុស្ស​៤៤៤នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែបំពានច្បាប់ម្រាមគោចរទប់ស្កាត់ការឆ្លងកូវីដ​-១៩។
ការចាប់ខ្លួន​ធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ក្រោយច្បាប់បម្រាមគោចរ ទប់ស្កាត់កូវីដ​-១៩ឆ្លងរាលដាលចូលជាធរមាន។ មនុស្ស ៤៤៤នាក់ដែលចាប់ខ្លួនទៅតាមច្បាប់អាចនឹងជាប់ទោស​ ហើយផាកពិន័យ។
ក្រៅពីនេះ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្ស​២០៥នាក់ផ្សេងទៀត​ដែលមិនពាក់ម៉ាស់នៅទីសាធារណៈ ​បំពានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។​
កន្លងមក គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញច្បាប់ បម្រាមគោចរនៅពេលយប់​ក្នុងតំបន់មួយចំនួន ដែលមានអ្នកឆ្លងច្រើន ក្នុងនោះមានតំបន់នៅទីក្រុង​Yangon​ផងដែរ ។
តាមតួលេខរបស់ក្រសួងសុខាភិបាល​មីយ៉ាន់ម៉ាបានឲ្យដឹងថា គិតមកដល់ថ្ងៃទី​២០ខែកញ្ញា មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​​ ៥.២៦៣នាក់ និងស្លាប់ ៨១នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖