ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់មុជទឹកទន្លេ បណ្ដាលឲ្យលង់ស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាល៖ គួរឲ្យសង្វេគណាស់ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៅមុជទឹកទន្លេ បណ្ដាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលឡើង​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី
ត្រង់ចំណុចកំពង់ទឹកមាត់ទន្លេ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យ និងបច្ចេកទេសស្រុកល្វាឯមបានឲ្យដឹងថា​ ក្មេងប្រុសរងគ្រោះឈ្មោះ ផល បញ្ញារិទ្ធ អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ក្មេងប្រុសរងគ្រោះបានសុំលុយពីម្តាយឈ្មោះ ខូវ សុខន ចំនួន១០០០រៀល ទៅទិញនំហូប បន្ទាប់ពីបានលុយហើយ ក្មេងប្រុសរងគ្រោះក៏ទៅបាត់​ ដោយម្តាយក្មេងរងគ្រោះមិនដឹងថាកូនទៅទីណាទេ។ បន្ទាប់មកមានប្រជាពលរដ្ឋឈ្មោះ លន់ លន បានយកសំរាមទៅចាក់ចោលនៅមាត់ទន្លេ​ក៏ឃើញខោអាវនៅមាត់ច្រាំង​ហើយឃើញក្មេងៗលេងនៅទីនោះ៣នាក់​ និងឃើញក្មេងប្រុសរងគ្រោះរសាត់ចេញពីច្រាំងឆ្ងាយទៅហើយរកជួយមិនកើត ក៏លិចបាត់តែម្តង ហើយ​ភ្លាមៗនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយមុជទឹករាវរក​ តែជាអកុសល ក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ។
ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យដោយបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បន្ទាប់ពី​ពិនិត្យ​រួច​ សាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕  ដោយ៖ ស្អាងជ័យ


ចែករំលែក៖