អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានប្រកាសបើកឲ្យភ្ញៀវទេសចរចូលទស្សនាវិមាន Taj Mahal ដែលសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់ប្រទេសឥណ្ឌា ដែលនេះជាសញ្ញានៃការបើកដំណើរការអាជីវកម្មដូចធម្មតាវិញ។ បើទោះបីជាស្ថានភាពCOVID-19 នៅប្រទេសមួយនេះ នៅតែបន្តអាក្រក់ដដែលដោយករណីឆ្លងនៅឥណ្ឌា អាចមានច្រើនជាងចំនួនឆ្លងនៅអាមេរិកនៅពេលខ្លីខាងមុខ។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ឥណ្ឌាដែលមានប្រជាជន ១,៣ ពាន់លាននាក់ បានកត់ត្រាករណីឆ្លងCOVID-19 ជាង ៥.៤ លានករណី ។ ចំណែកអ្នកឆ្លងថ្មីមានជិត ១០ ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់ជាង ១.០០០ នាក់ត្រូវបានរាយការណ៍ស្ទើររៀងរាល់ថ្ងៃ។ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងញូវដែលី ក៏ចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗដែលក្នុងនោះរាប់បញ្ចូលទាំង ការដំណើរការផ្លូវរថភ្លើង ការបើកជើងហោះហើរក្នុងស្រុកវិញ ការបើកទីផ្សារភោជនីយដ្ឋានជាដើម។ ចាប់ពីថ្ងៃទី២១ខែកញ្ញទៅ វិមាន Taj Mahal ក៏ចាប់ទទួលភ្ញៀវិញដែរ។
សូមជម្រាបថា វិមាន Taj Mahal ត្រូវបានបិទតាំងពីខែមីនាកន្លងទៅនៅពេលដែលជំងឺ COVID-19 រាលដាលដល់ប្រទេសឥណ្ឌា ហើយការបិទវិមាននេះ គឺជាវិធានការបិទប្រទេសរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ដើម្បីកាត់បន្ថយការឆ្លង។ ប៉ុន្តែយ៉ាងណាក៏ដោយ ការរឹតត្បិតនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចឥណ្ឌា ខណៈដែលលោក ម៉ូឌី វិញ ក៏មានការស្ទាក់ស្ទើរក្នុងការធ្វើដូចប្រទេសផ្សេងទៀត លើការរឹតបន្តឹងម្តងទៀត។
ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលឥណ្ឌា ក៏បានសង្កត់ធ្ងន់ថា វិធានការការរក្សាគម្លាត ក៏ត្រូវរឹតបន្តឹងដែរ ហើយចំនួនអ្នកទស្សនាប្រចាំថ្ងៃនឹងត្រូវបានកំណត់ត្រឹមតែ៥០០០នាក់ប៉ុណ្ណោះ។ ចំនួននេះ ស្មើនឹងមួយភាគបួននៃចំនួនអ្នកចូលទស្សនានៅពេលធម្មតា។ ព្រោះជារៀងរាល់ឆ្នាំ វិមានTaj Mahal បានទាក់ទាញភ្ញៀវអោយចូលទស្សនាចំនួន ៧ លាននាក់ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត សំបុត្រអាចទិញបានតាមអ៊ីនធឺណិតតែប៉ុណ្ណោះ។
ដោយឡែកអ្នកជំនាញខាងបុរាណវិទ្យាជាន់ខ្ពស់ដែលទទួលបន្ទុកវិមានក្នុងទីក្រុង Agra លោក Vasant Swarnkar បានប្រាប់ក្រុមអ្នកសារព័ត៍ថា ៖«រង្វង់សម្រាប់ឈរកំពុងត្រូវបានកំណត់។ ជាមួយគ្នានោះផងដែរអ្នកចូលទស្សនានឹងត្រូវតម្រូវអោយពាក់ម៉ាស់ជាចាំបាច់ហើយគ្មាននរណាម្នាក់អនុញ្ញាតអោយចូលដោយគ្មានការវាស់កម្តៅបានទេ»៕ដោយ៖ស តារា