ខេត្តកោះកុង៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុងឃុំបឹងព្រាវ ឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកស្រីអភិបាលខេត្ត បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងយកបង្គន់ដែលផ្តល់ជូន ទៅប្រើប្រាស់ឱ្យពេញលេញ ដោយធ្វើជាគំរូដល់ពលរដ្ឋដ៏ទៃទៀតតាមរយៈបញ្ឈប់បន្ទោលបង់ក្រៅបង្គន់។ នៅពេលដែលឈប់បន្ទោលបង់ពាលវាលពាសកាលបានទាំងអស់ធ្វើឱ្យសហគមន៍មានបរិស្ថានអនាម័យស្អាតល្អ ជៀសផុតពីជំងឺនានា ម្យ៉ាងទៀតកុំភ្លេចការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ។ បើតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យលើកកម្ពស់អនាម័យជនបទ គឺប្រជាពលរដ្ឋកម្ពុជាជាង៩០ភាគរយនឹងមានបង្គន់អនាម័យប្រើប្រាស់ និងរស់នៅក្នុងបរិស្ថានស្អាតសមរម្យ៕ដោយ៖ សិលា