ព័ត៌មានទាន់ហេតុការណ៍៖

តើត្រូវផ្អាករឺក៏បន្ត?! សំណង់អគារដែលគ្រោងសាងសង់រហូត៣០ជាន់នៅទួលគោក ខណៈកាយដីបុកគ្រឹះធ្វើឱ្យប្រេះផ្លូវ២ខ្សែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សំណង់អគារមួយកន្លែងមានកម្ពស់រហូតដល់៣០ជាន់និងនៅផ្នែកខាងក្រោមដីមានពីរជាន់បន្ថែមទៀតខណៈកំពុងធ្វើសកម្មភាពជីកកកាយ និងបុកគ្រឹះដើម្បីសាងសង់ បានធ្វើឱ្យកំណាត់ផ្លូវ២ខ្សែនៅជាប់នឹងអគារនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពោលគឺប្រេះផ្លូវជាបំណែកៗ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ៣៣៥កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

អាជ្ញាធរខណ្ឌទួលគោកក្រោយពីបានទទួលព័ត៌មាននេះ ក៏ដឹកនាំមន្ត្រីជំនាញចុះទៅដល់ទីតាំងការដ្ឋាននេះភ្លាម ដើម្បីធ្វើយ៉ាងណាមានវិធានការទប់ស្កាត់នូវហានិភ័យដែលបម្រុងនឹងកើតមានឡើងផ្តើមចេញពីការដ្ឋាននេះ។

លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០២០នេះបានបញ្ជាក់ឲ្យដឹងថា ការដ្ឋាននេះគឺជាការដ្ឋានរបស់ជនជាតិបរទេស ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៥កែងនឹងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរខណ្ឌ ក្រោយពីទទួលបានព័ត៌មាននេះ ក្រោមការណែនាំពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់ការដ្ឋាននេះចំនួន៣លើករួចមកហើយ ។ 

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២០កន្លងមកនេះ អាជ្ញាធរខណ្ឌ ដឹកនាំដោយលោក ទៀវ សំអឿន ជាអភិបាលរងខណ្ឌ បានចុះទៅដល់ទីតាំងការដ្ឋាន ហើយក្រោយពីក្រុមការងារពិនិត្យឃើញថា ទីតាំងនេះគឺមិនទាន់មានច្បាប់អនុញ្ញាតកាយនិងជីកដីចេញពីសាលារាជធានីភ្នំពេញនោះទេ ព្រមទាំងបុកស៊ីផាយរំលោភចិញ្ចឹមផ្លូវធ្វើឱ្យប្រេះផ្លូវកៅស៊ូថែមទៀត ។ 

ក្រោយពីពិនិត្យរួច ក្រុមការងារបានណែនាំឲ្យម្ចាស់ការដ្ឋានផ្អាកការដ្ឋានជាបណ្ដោះអាសន្ន រង់ចាំសុំច្បាប់អនុញ្ញាតរបស់ក្រសួងនិងស្នើសុំច្បាប់កាយដីពីសាលារាជធានីភ្នំពេញជាមុនសិន និងបញ្ឈប់ការរំលោភលើចិញ្ចើមផ្លូវទៀត។ លុះមកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌបានចុះទៅដល់ការដ្ឋាននេះម្ដងទៀត ហើយក្រុមការងារបានពិនិត្យឃើញថាការដ្ឋានបានមានច្បាប់អនុញ្ញាតសាងសង់ដោយក្រសួងដែនដីចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យសាងសង់ក្រោមដីពីរជាន់ ផ្ទាល់ដីមួយជាន់ ដល់៣០ជាន់ ឡៅតឿនិងដំបូល។ ក្រោយពីពិនិត្យរួចរាល់ក្រុមការងារបានណែនាំឱ្យម្ចាស់ការដ្ឋានអនុវត្តនូវកិច្ចការមួយចំនួនដោយត្រូវសុំច្បាប់បើកការដ្ឋានពីក្រសួងដែនដីមិនត្រូវដាក់សម្ភារសំណង់គ្រប់ប្រភេទនិងគ្រឿងចក្រសំណង់នៅលើចិញ្ចើមផ្លូវនិងទ្រូងផ្លូវឡើយ ។ ត្រូវធ្វើការជួសជុលផ្លូវដែលខូចខាតបណ្ដាលមកពីការដ្ឋានឲ្យបានស្អាតឡើងវិញ ។ 

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២១ កញ្ញាឆ្នាំ២០២០ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុនដឿន បានដឹកនាំមន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យជាលើកទីបីម្ដងទៀត។ ក្រោយពីការធ្វើការត្រួតពិនិត្យសំណង់ខាងលើឃើញថាសំណង់នេះបានបំពេញបែបបទត្រឹមត្រូវតាមច្បាប់ហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនត្រូវធ្វើការជួសជុលផ្លូវលេខ ៣១៧និងផ្លូវលេខ៣៣៥ ដែលទទួលរងការខូចខាតបណ្តាលមកពីការដ្ឋានសំណង់ឡើងវិញ និងត្រូវហ៊ុមព័ទ្ធ ការដ្ឋានសំណង់ឲ្យបានត្រឹមត្រូវដើម្បីធានាសន្តិសុខនិងសុវត្ថិភាពការដ្ឋាននិងអ្នកដំណើរឆ្លងកាត់ ។ ត្រូវដាក់ស្លាកសញ្ញានិងភ្លើងបំភ្លឺដើម្បីសម្គាល់ការដ្ឋាន រៀបចំបង្គោលអគ្គិសនីដែលស្រុតឡើងវិញនៅផ្លូវ ៣២៧។ការដ្ឋានសំណង់ត្រូវមានផ្ទាំងព័ត៌មានអំពីគម្រោងសាងសង់នៅខាងមុខការដ្ឋានសំណង់៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖