អន្តរជាតិ៖ពលរដ្ឋអាមេរិកជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់លោកត្រាំដែលធ្វើឲ្យពលរដ្ឋអាមេរិកជាង២សែននាក់ស្លាប់ គឺជាចំនួនច្រើនបំផុតក្នុងចំណោមប្រទេសមានករណីឆ្លងកូវីដ-១៩។
តាមសារព័ត៌មានChannel News Asia បានផ្សាយថា អាមេរិកមានអ្នកស្លាប់ដោយឆ្លងកូវីដ-១៩ ជាង២សែននាក់ហើយគិតមកដល់ថ្ងៃទី២២ខែកញ្ញា។ ចំនួនអ្នកស្លាប់កើនឡើងខ្ពស់បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោតអាមេរិក នាពេលខាងមុខ។ ជាមួយគ្នានោះ ពលរដ្ឋដែលគាំទ្រលោកត្រាំក៏បានធ្លាក់ចុះផងដែរ។
តាមតួលេខរបស់មហាវិទ្យាល័យJohns Hopkinsបានផ្សាយថា គិតមកដល់ល្ងាចថ្ងៃទី២២ខែកញ្ញា មានពលរដ្ឋអាមេរិកដល់ទៅ២០០.១៨២ នាក់ស្លាប់ និងឆ្លងជាង៦,៨៦លាននាក់ដោយកូវីដ-១៩។
អាមេរិកគឺជាប្រទេសឈរលំដាប់ទី១មានអ្នកស្លាប់ច្រើនបំផុតលើពិភពលោក។ បន្ទាប់មកគឺប្រេស៊ីល មានអ្នកសា្លប់១៣៧.២៧២នាក់ និងឥណ្ឌាមានអ្នកស្លាប់៨៨.៩៣៥នាក់ ។ ប៉ុន្តែ អ្នកឆ្លងវិញគឺឥណ្ឌាឈរលំដាប់ទីពីរ បន្ទាប់ពីអាមេរិក។
និយាយរួមអាមេរិកមានពលរដ្ឋស្មើ៤ភាគរយនៃពលរដ្ឋនៅលើពិភពលោក ប៉ុន្តែចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិកស្មើ២០ភាគរយនៃចំនួនអ្នកឆ្លងទាំងអស់លើពិភពលោក៕ដោយ៖ធី រីណា