ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ហ្វីលីពីន នៅចំពោះមុខ​មហាសន្និបាតUN លើកទីមួយ លើកឡើង​ពី​បញ្ហាសាលក្រម​សមុទ្រ​ចិន​ខាងត្បូង​

ចែករំលែក៖

អន្តរជាតិ៖នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៥លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានលើកឡើងជាប្រវត្តិសាស្ត្រ ពីសាលក្រមរបស់តុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ(PCA) លើជម្លោះសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ នេះជាសុន្ទរកថាលើកដំបូងរបស់លោក ឌូទើតេ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញានេះ (​ក្នុងម៉ោងប្រទេសហ្វីលីពីន​)  នាកិច្ចប្រជុំនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)

លោក រ៉ូឌ្រីហ្គោ ឌូទើតេ តាមរយៈវីដេអូថតទុកមុនដែលបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ខាងលើនេះ បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះជាមួយចិន និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ទន្ទឹមនឹងនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះបានលើកឡើងជាលើកដំបូងពីសាលក្រមរបស់តុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ

លោក ឌូទើតេបានបញ្ជាក់ទៀតថា ហ្វីលីពីន នៅតែបន្តការប្តេជ្ញារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តីសម្រេចរបស់តុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេបន្ថែមពីនេះ លោកថា « ពេលនេះសាលក្រម គឺជាផ្នែកនៃច្បាប់អន្តរជាតិ មានតម្លៃលើសពីការសម្របសម្រួល​, ការព្រមព្រៀងរបស់រដ្ឋាភិបាល ដែលអាចបន្ថយតម្លៃ បោះបង់ចោល​»​

ក្នុងន័យនេះ លោកប្រធានាធិបតីហ្វីលីពីន អះអាងថា លោកជំទាស់ជាដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសេចក្តីសម្រេច​PCA​ ជាមួយគ្នានេះហ្វីលីពីនបានស្នើឲ្យប្រទេសជាច្រើនទៀត គាំទ្រសាលក្រមមួយនេះ និងបង្ហាញជំហររបស់ខ្លួនផងដែរ បើតាមលោកឌូទើតេ ការគាំទ្រសេចក្តីសម្រេចរបស់​PCA គឺប្រៀបទៅនឹងជ័យជម្នះនៃហេតុផល លើភាពឆេវឆាវ​, ច្បាប់ លើភាពគ្មានសណ្តាប់ធ្នាប់ និងមិត្តភាព លើការចង់បានលើសលុប

សូមជម្រាបផងដែរថា រដ្ឋាភិបាលហ្វីលីពីនបានសម្រេចប្តឹងចិនលើរឿងអធិបតេយ្យក្នុងសមុទ្រចិនភាគខាងត្បូង ទៅតុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ តាំងពីឆ្នាំ២០១៣មកម្លេះ ដែលស្ថិតនៅក្នុងអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីលោក Benigno Aquino III ដោយផ្អែកទៅតាមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ តុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេបានកាត់សេចក្តីឲ្យហ្វីលីពីនឈ្នះចិន លើជម្លោះសមុទ្រចិនខាងត្បូង ពោលគឺបន្ទាប់ពីលោកឌូទើតេ ឡើងកាន់តែជាប្រធានាធិបតី បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ជាការឆ្លើយតបចិនបានបដិសេធមិនទទួលស្គាល់ និងគោរពតាមសេចក្តីសម្រេចរបស់តុលាការនោះទេ

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សាលក្រមនេះ មិនត្រូវបានលោក ឌូទើតេអនុវត្តឲ្យបានពេញលេញទេ នៅក្នុងអាណត្តិរបស់លោកដោយសារជំហររបស់លោកខិតទៅរកចិន

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនរូបនេះ ឡើងកាន់តំណែងមកបានធ្វើទស្សនកិច្ចទៅចិនរហូតដល់ ដង និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងតម្លៃរាប់ពាន់លានដុល្លារ ភាគីទាំងពីរបានប្រកាសបង្កើតក្រុមការងាររួមគ្នាលើការរុករកប្រេង និងឧស្ម័នធម្មជាតិ នៅក្នុងតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងនៅក្នុងឆ្នាំ២០១៩ផងដែរ កិច្ចព្រមព្រៀងលើក្រុមការងារសមុទ្រចិនខាងត្បូងនេះ ត្រូវបានភាគីចិន និងហ្វីលីពីនយល់ព្រមតាំងពីឆ្នាំ២០១៨មកម្លេះ៕ដោយ៖ស តារា


ចែករំលែក៖