ទ្វីបអាស៊ីបានឈានមុខទៅលើតំបន់អាមេរិកខាងជើង ក្លាយទៅជាតំបន់ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅទូទាំងទ្វីបអាស៊ី មានអ្នកឆ្លងសរុបដល់ទៅ ៩.៩៣៥.៩៧៣នាក់ និងស្លាប់ ១៨៤.២៤១នាក់ ។ ចំណែកនៅតំបន់អាមេរិកខាងជើងវិញ មានករណីឆ្លងសរុប ៨.៥៦៧.៨១៨នាក់ និងស្លាប់ ៣០៣.៩៨១នាក់។ តំបន់អាមេរិកខាងត្បូងមានអ្នកឆ្លង៧.៧៥២.៤០៣នាក់ និង ស្លាប់២៤៤.៨៨៣នាក់។
តាមគេហទំព័រ worldometers.info បានផ្សាយនៅថ្ងៃទី២៥ខែកញ្ញាថា នៅទូទាំងពិភពលោកមានករណីឆ្លងសរុបដល់ទៅ ៣២.៣៩៤.៧៧៧នាក់ និងស្លាប់កើនឡើងដល់ទៅ៩៨៧.០៦៥នាក់។
ក្នុងទ្វីបអាស៊ី ឥណ្ឌាជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ គឺមានដល់ទៅជាង ៥,៨លាននាក់ និងស្លាប់ ៩២ ៣១៧នាក់ ។ បន្ទាប់មកគឺប្រទេសអុីរ៉ង់ មានអ្នកឆ្លងច្រើនលំដាប់ទីពីរ មានអ្នកឆ្លងសរុប ៤៣៦.៣១៩នាក់ និងស្លាប់ ២៥.០១៥នាក់ ។
ដោយឡែកតំបន់អាស៊ាន ប្រទេសហ្វីលីពីនមានអ្នកឆ្លងសរុបដល់ទៅ ២៩៦.៧៥៥នាក់ ខ្ពស់បំផុតក្នុងតំបន់។ ចំណែកឥណ្ឌូនេស៊ីមានអ្នកឆ្លងតែ១០.១០៥ នាក់តែប៉ុណ្ណោះ។ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ គឺអាមេរិកដោយមានអ្នកឆ្លង ៧.១៨៤.៨០១នាក់ និងស្លាប់ ២០៧.៥១៥នាក់។
ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញក្តីសង្ឃឹមថា នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ស្ថានភាពកូវីដ-១៩នឹងគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្នចិន និងរុស្ស៊ី កំពុងតែសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយបំផុត ហើយរុស្ស៊ីនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងពេលដ៏ខ្លីខាងមុខ៕ដោយ៖ធី រីណា