ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»

ចែករំលែក៖

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២០នេះ បានចុះផ្សាយថា មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីនបានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេលខាងមុខនេះ និងទទូចដល់ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងប្រទេសចិនឈប់ឈ្លោះគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ សម្រាប់ជាប្រយោជន៍ដល់សុខុមាលភាពពិភពលោកផងដែរ

ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាហ្សង់ទីនលោក អាល់ប៊ឺតូ ហ្វឺណាន់ដែស (Alberto Fernandez) បាននិយាយថា៖«ទាក់ទងនឹងបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) វាអាចនឹងមានហានិភ័យខ្ពស់សម្រាប់ប្រទេសក្រីក្រ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងដោយខ្លួនឯង ជាហេតុនាំឲ្យលោកអំពាវនាវ ឲ្យមានការចែករំលែកវ៉ាក់សាំងជាសកលដោយឥតគិតថ្លៃ»

ជាមួយគ្នានេះ លោក សេបាស្ទាន ភីណឺរ៉ា (Sebastian Pinera) ប្រធានាធិបតីឈីលី ក៏បានជំរុញឲ្យប្រទេសមហាអំណាចទាំងពីរ(សហរដ្ឋអាមេរិក និងចិន) បញ្ឈប់ «ការឈ្លោះប្រកែកគ្នា ហើយងាកមករួបរួមដឹកនាំប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតសកលនេះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ឲ្យមានការប្រសើរឡើងវិញផងដែរ» លោកប្រធានាធិបតីរូបនេះ បន្ថែមទៀតថា «នៅក្នុងកាលៈទេសៈនេះយើងគួរតែរួមគ្នាចែករំលែកនូវដំណោះស្រាយ និងចំណេះដឹង ក៏ដូចជាកិច្ចសហប្រតិបត្តិការបើក និងបិទព្រំដែន និងចូលរួមជាកម្លាំងសម្រាប់ការអភិវឌ្ឍន៍ និងការទទួលបាននូវវ៉ាក់សាំងដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ខណៈដែលកំពុងសហការជាមួយប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតខ្លាំងបំផុតនេះ»

គួរបញ្ជាក់ថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលមានសក្តានុពលរាប់សិបប្រភេទ កំពុងត្រូវបានស្រាវជ្រាវនៅទូទាំងពិភពលោក ប៉ុន្តែមានតែវ៉ាក់សាំងចំនួន ១១ប៉ុណ្ណោះដែលបានឈានទៅដល់ការធ្វើតេស្តដំណាក់កាលទី ដែលជាដំណាក់កាលចុងក្រោយ ដោយក្នុងនោះមានអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ បានចូលរួមក្នុងការធ្វើតេស្តនេះ។ បច្ចុប្បន្ននេះ វ៉ាក់សាំងទាំង ១១នោះគឺជារបស់អាមេរិក ចិន រុស្ស៊ី និងអឺរ៉ុប៕ដោយ៖ស តារា


ចែករំលែក៖