ខេត្តកំពត៖ នៅរសៀលថ្ងៃដដែល ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ជូនជ្រាបថា ៖ សំណង់ទំនប់បង្ហៀរខាងលើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក(ទ្វារ០៣) សាងសង់លើទំនប់ចាស់ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះពិនិត្យ សំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វនេះ គឺជាការចុះពិនិត្យស្ថានភាពជាក់ស្តែង និងរំលឹកអនុវស្សាវរីយ៍របស់ខ្ញុំបានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង អគ្គនាយក មន្រ្តីបច្ចេកទេស ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង អន្តរាគមន៍ដោយគ្មានឈប់សម្រាកទល់ភ្លឺកាលពីល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ចំណាយរយ:ពេលជាង២០ម៉ោង ដើម្បីបញ្ជៀសការលិចលង់ភូមិឋានប្រជាពលរដ្ឋនាពេលនោះ ។ ពេលនេះសំណង់ទំនប់បង្ហៀរសាងសង់រួច បានផ្តល់ពហុប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមមានប្រេីប្រាស់ទឹកបម្រេីដល់ការងារបង្កបង្កើនផល ជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរកំសាន្ត និងការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ៕
ដោយ៖សិលា