ព័ត៌មានទាន់ហេតុការណ៍៖

ទ្វីបអាស៊ីមានករណីឆ្លងកូវីដ​-១៩ ជាង​១០លាននាក់ហើយ

ចែករំលែក៖

តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់វេលាម៉ោង​១២ថ្ងៃទី​២៦ខែកញ្ញា​ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង​ ​៣២,៧៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់​៩៩៣.០០០នាក់​។ ទ្វីបអាស៊ី​ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ​ដោយមានពលរដ្ឋដល់ទៅជាង​១០លាននាក់ហើយឆ្លងកូវីដ​-១៩ ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក​ពិភពលោករកឃើញអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ៣១៩.០០០នាក់ ក្នុងនោះមានអាមេរិក ឥណ្ឌា និងប្រេស៊ីលមានចំនួនអ្នកឆ្លងច្រើនជាងគេបង្អស់​។
ទ្វីបអាស៊ីមានអ្នកឆ្លងច្រើនជាងគេ​គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី ២៦ខែកញ្ញា​​មានអ្នកឆ្លងសរុប ១០.០៥៦.១០៥ នាក់ ក្នុងនោះមានអ្នកស្លាប់ ​១៨៦.០០០នាក់​។​ ក្នុងរយៈពេល​២៤ម៉ោងមានចំនួនអ្នកឆ្លងសរុប ១២០.១៥៥នាក់ថ្មី ភាគច្រើននៅក្នុងប្រទេសឥណ្ឌា​។ ក្នុងរយៈពេល​២៤ម៉ោងឥណ្ឌាមានអ្នកឆ្លង៨៥.៤៦៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងមានជាង ៥,៩លាននាក់ ក្នុងនោះស្លាប់​៩៣.៤០០នាក់ ។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ អង្គការសុខភាពពិភពលោកបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនឡើងទ្វេដងរហូតដល់២លាននាក់មុនពេលដែលវ៉ាក់សាំងផលិតបានជោគជ័យ និងត្រូវបញ្ចេញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងអស់មិនធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។
លោក Mike Ryan​ មន្ត្រីអង្គការ WHO បានលើកឡើងថា «ប្រសិនបើយើងមិនរួបរួមសាមគ្គីគ្នា ឬធ្វើការងារនេះទាំងអស់គ្នាទេ នោះមនុស្សរហូតដល់២លាននាក់អាចនឹងបាត់បង់ជីវិត… ៕

ដោយ៖ធី រីណា


ចែករំលែក៖