តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់វេលាម៉ោង១២ថ្ងៃទី២៦ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង ៣២,៧៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់៩៩៣.០០០នាក់។ ទ្វីបអាស៊ីជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមានពលរដ្ឋដល់ទៅជាង១០លាននាក់ហើយឆ្លងកូវីដ-១៩ ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកពិភពលោករកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅ៣១៩.០០០នាក់ ក្នុងនោះមានអាមេរិក ឥណ្ឌា និងប្រេស៊ីលមានចំនួនអ្នកឆ្លងច្រើនជាងគេបង្អស់។
ទ្វីបអាស៊ីមានអ្នកឆ្លងច្រើនជាងគេគិតត្រឹមថ្ងៃត្រង់ ថ្ងៃទី ២៦ខែកញ្ញាមានអ្នកឆ្លងសរុប ១០.០៥៦.១០៥ នាក់ ក្នុងនោះមានអ្នកស្លាប់ ១៨៦.០០០នាក់។ ក្នុងរយៈពេល២៤ម៉ោងមានចំនួនអ្នកឆ្លងសរុប ១២០.១៥៥នាក់ថ្មី ភាគច្រើននៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេល២៤ម៉ោងឥណ្ឌាមានអ្នកឆ្លង៨៥.៤៦៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងមានជាង ៥,៩លាននាក់ ក្នុងនោះស្លាប់៩៣.៤០០នាក់ ។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ អង្គការសុខភាពពិភពលោកបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនឡើងទ្វេដងរហូតដល់២លាននាក់មុនពេលដែលវ៉ាក់សាំងផលិតបានជោគជ័យ និងត្រូវបញ្ចេញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងអស់មិនធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។
លោក Mike Ryan មន្ត្រីអង្គការ WHO បានលើកឡើងថា «ប្រសិនបើយើងមិនរួបរួមសាមគ្គីគ្នា ឬធ្វើការងារនេះទាំងអស់គ្នាទេ នោះមនុស្សរហូតដល់២លាននាក់អាចនឹងបាត់បង់ជីវិត… ៕
ដោយ៖ធី រីណា