ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបញ្ជូននាវា​៣៩គ្រឿងស្វែងរកសពមន្ត្រីដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់

ចែករំលែក៖

កម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូងបានបញ្ជូននាវាដល់ទៅ ៣៩គ្រឿងស្វែងរកសាកសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិងនេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ធ្លាក់ចូលក្នុងទឹកសមុទ្រ។
ក្រៅពីនាវាទាំង​៣៩គ្រឿង​នៅមាន យន្តហោះ៦គ្រឿងផងដែរ បានស្វែងរកនៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ​៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី​២១ខែកញ្ញា​។
ភាគីកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយ​បញ្ជាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្រ​របស់កូរ៉េខាងជើង​។
សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី​២៧ខែកញ្ញា​បានផ្សាយដោយដកស្រង់សម្តីមន្ត្រី​កូរ៉េខាងជើងដែលបានបញ្ចាក់ថា​«យើងនឹងមិនលើកលែងរាល់សកម្មភាពឈ្លានពានទឹកដីពីកូរ៉េខាងត្បូងនោះឡើយ​ ។ ជាមួយគ្នានោះយើងបានព្រមានដល់កូរ៉េខាងត្បូង ឈប់បំពានចូលដែនសមុទ្រកូរ៉េខាងជើង»​។
កន្លងមកទីក្រុងសេអ៊ូលបានចោទប្រកាន់ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីរបស់ខ្លួន ហើយដុតសាកសពនៅថ្ងៃទី​២២ខែកញ្ញា ។ ប៉ុន្តែភាគីកូរ៉េខាងជើងបានប្រកាសថា​ ទាហានពិតជាបានបាញ់អ្នកចូលទឹកដីរបស់ខ្លួនខុសច្បាប់​មែន ប៉ុន្តែមិនបានដុតសាកសពនោះឡើយ​៕ដោយ៖ធី រីណា


ចែករំលែក៖