កម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូងបានបញ្ជូននាវាដល់ទៅ ៣៩គ្រឿងស្វែងរកសាកសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិងនេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ធ្លាក់ចូលក្នុងទឹកសមុទ្រ។
ក្រៅពីនាវាទាំង៣៩គ្រឿងនៅមាន យន្តហោះ៦គ្រឿងផងដែរ បានស្វែងរកនៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី២១ខែកញ្ញា។
ភាគីកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយបញ្ជាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្ររបស់កូរ៉េខាងជើង។
សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៧ខែកញ្ញាបានផ្សាយដោយដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើងដែលបានបញ្ចាក់ថា«យើងនឹងមិនលើកលែងរាល់សកម្មភាពឈ្លានពានទឹកដីពីកូរ៉េខាងត្បូងនោះឡើយ ។ ជាមួយគ្នានោះយើងបានព្រមានដល់កូរ៉េខាងត្បូង ឈប់បំពានចូលដែនសមុទ្រកូរ៉េខាងជើង»។
កន្លងមកទីក្រុងសេអ៊ូលបានចោទប្រកាន់ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីរបស់ខ្លួន ហើយដុតសាកសពនៅថ្ងៃទី២២ខែកញ្ញា ។ ប៉ុន្តែភាគីកូរ៉េខាងជើងបានប្រកាសថា ទាហានពិតជាបានបាញ់អ្នកចូលទឹកដីរបស់ខ្លួនខុសច្បាប់មែន ប៉ុន្តែមិនបានដុតសាកសពនោះឡើយ៕ដោយ៖ធី រីណា