យ៉ាងហោចណាស់ក៏មានមនុស្ស១១នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងបារ នៃរដ្ឋGuanajuato ប្រទេសម៉ិចសុីកូ នាយប់ថ្ងៃទី២៧ខែកញ្ញា។ ស្នងការប៉ូលិសរដ្ឋGuanajuato បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅហាងបារក្នុងទីក្រុងJaral del Progreso សម្លាប់មនុស្ស១១នាក់ និងរបួសជាច្រើនក្នុងនោះមានម្នាក់របួសធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ ក៏ដូចជាមូលហេតុឈានដល់ការបាញ់ប្រហារ គឺខ្មាន់កាំភ្លើងខាងលើមកកាន់ហាងបារដោយរថយន្តហើយបានបាញ់ប្រហារទៅលើមនុស្សនៅក្នុងហាង ។
រយៈពេលកន្លងមក រដ្ឋ Guanajuato ប្រទេសម៉ិចស៊ីកូ តែងតែកើតអំពើហិង្សា បង្កឡើងដោយក្រុមជួញដូរគ្រឿងញៀន។ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ មានអំពើហិង្សាដល់ទៅ១៩០០ករណីក្នុងរដ្ឋ Guanajuato គឺច្រើនជាងរដ្ឋនានាទាំងអស់ក្នុងប្រទេសនេះ។
អំពើហិង្សាកើនឡើងខ្ពស់ ចាប់តាំងពីមេដឹកនាំក្រុមជួញដូរគ្រឿងញៀនដ៏ល្បីល្បាញលោកAntonio Yepez មកពីក្រុមSanta Rosa de Lima ត្រូវកម្លាំងប៉ូលិសម៉ិចស៊ីកូចាប់ខ្លួន ៕
ដោយ៖ធី រីណា