ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងទីក្រុង ចង់បាន​​ការ​រចនា​ផ្ទះ ដែលគិតគូរពីតម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ សម្រាប់ “លំនៅដ្ឋាន​នាពេលអនាគត​​”

ចែករំលែក៖

រាជធានីភ្នំពេញ៖ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម​ ឬ​ផ្ទះល្វែងជា​ដើម​​ ចត​រថយន្ត ឬ​ម៉ូតូរបស់ខ្លួន​នៅ​ខាង​ក្នុង​ គេហដ្ឋាន ។ នេះ​បើ​យោង​តាម​​ ការចេញផ្សាយការសិក្សាដែល​បានបោះពុម្ព​ផ្សាយ​​ នៅថ្ងៃនេះ​ដោយ​​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខគេមួយ។

 

ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាន​នាពេលអនាគត” (The Future of Home) គឺជា​លទ្ធផល​ដែល​កើត​ចេញពីការ​សិក្សា​ស្រាវ​ជ្រាវ ការ​អង្កេត​ស៊ីជម្រៅ និង​ការសិក្សាលើក្រុមគោលដៅ ​រយៈពេល ១០ ខែ​ ដែលមានការចូលរួមពីប្រជាពលរដ្ឋ​ចំនួន​ ១៧០ នាក់ ហើយ​ត្រូវ​បានរៀបចំឡើង​ដោយ​​ក្រុមហ៊ុន Urbanland ក្នុងគោលបំណង​ស្វែង​ យល់​អំពី​ការ​ប្រែប្រួល​​នៃ​របៀប​​​​រស់នៅរបស់​​​ប្រជាជនក្នុងទីក្រុង ជាពិសេសក្រុមពលរដ្ឋ ដែលនៅក្នុងការសិក្សានេះ ត្រូវបានចាត់ទុកថាជាក្រុម ដែលមានសេចក្ដីប្រាថ្នាខ្ពស់ក្នុងជីវិត (‘aspirational’ city dwellers)។​

 

ការចេញផ្សាយការសិក្សា​នោះពន្យល់ថា៖ “​សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា​ដែលមានសេចក្ដីប្រាថ្នាខ្ពស់នោះ គឺយើង​ចង់​ សំដៅទៅលើ​ប្រជាជន​កម្រិតជីវភាពមធ្យម​ ដែលមានចំនួនកាន់តែ​ច្រើនឡើង ទទួល​បានការអប់រំ​​កាន់តែ​ខ្ពស់ ជ្រាបព័ត៌មានកាន់តែច្រើន មានគោលដៅក្នុងជីវិត​ច្បាស់លាស់ មានការ​តាំង​ចិត្ត និង​ការ​ប្ដេជ្ញាក្នុងការ​​លើក​កម្ពស់ ជីវិត​រស់​នៅ​របស់ខ្លួន និង​អ្នកដទៃ”។

 

ក្រុមហ៊ុន​ Urbanland បាននិយាយថា ការ​សិក្សា​ស្រាវជ្រាវ គឺយក​លំនាំតាម​​ការ​សិក្សា​ស្រាវជ្រាវ​ស្រដៀងគ្នា របស់ក្រុមហ៊ុន IKEA ជា​ក្រុមហ៊ុនយក្ស​ ដែល​ផ្គត់ផ្គង់​សម្ភារៈ និងគ្រឿង​​សង្ហារឹម​សម្រាប់លំនៅដ្ឋាន​​​ របស់ប្រទេស​ស៊ុយអែត​ ក្រោមចំណងជើងថា “ជីវិត​នៅក្នុងគេហដ្ឋាន” (Life at Home) ដែល​ត្រូវបានបោះពុម្ពផ្សាយជារៀង​រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក។

 

៨០% នៃ​អ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវ​ បាននិយាយថា សន្តិសុខ​គឺជា​កត្តាសំខាន់មួយ​ក្នុងការពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះ​របស់ខ្លួន ហើយ ៥០% លើកឡើងពីបញ្ហានានា​ ទាក់ទង​នឹង​សំឡេង​រំខាន បញ្ហាអនាម័យ ចំណតយានយន្ត និង​ទំនាស់​​​​​រវាងអ្នកជិតខាងជាដើម។

 

៨៤% នៃអ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវបាននិយាយថា ជាទូទៅ ពួកគេ​តែងយក​ការងារ​មក​ធ្វើនៅផ្ទះជា​ប្រចាំ ប៉ុន្តែក្នុងនោះមានប្រមាណ ១០% ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​មានទីកន្លែង​សម្រាប់ធ្វើការត្រឹមត្រូវនៅផ្ទះ ដែលក្នុងនោះភាគច្រើនធ្វើការ​ពី​ក្នុងបន្ទប់គេង ឬ​នៅ​បន្ទប់ទទួលភ្ញៀវ ដែលធ្វើឲ្យ​ការងារ​មាន​ផលិតភាព​ទាប​ ដោយសារកង្វះខាតការ​ផ្ចង់អារម្មណ៍ ព្រោះគ្រួសារ​មានភាព​អ៊ូអរ​ និងមមាញឹក។

 

បើនិយាយពី​ការ​ជ្រើស​រើស​លំនៅដ្ឋានវិញ គុណភាពនៃការ​រចនា​ផ្ទះ​គឺជា​កត្តា “សំខាន់ខ្លាំង” សម្រាប់ មនុស្ស ៧៥% ដែលបានចូលរួមការសិក្សា​ ហើយ​ក្នុងនោះមានការ​យល់ឃើញថា គម្រោង​អភិវឌ្ឍ លំនៅដ្ឋានថ្មីៗជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជាភាគច្រើនផ្ដោតសំខាន់តែលើការរចនាខាងក្រៅ (exterior design) ដើម្បីប្រណីតភាព ប៉ុន្តែខ្វះការគិតគូរលើការរចនាលំនៅដ្ឋានឲ្យ​​ស្រប​តាមតម្រូវការ និងការ​ប្រើប្រាស់ជាក់ស្ដែង។

 

 

ការចេញផ្សាយការសិក្សាបានសរ​សេរថា៖ “ការ​រចនា​លំនៅដ្ឋាន​ដែលមានគុណភាព​ មិនមែនគ្រាន់តែ​គិត​គូរ ត្រឹម​ថាតើ​លំនៅដ្ឋាននោះត្រូវបានសាងសង់​ឲ្យ​រឹងមាំ​ប៉ុណ្ណា ទីធ្លា​ធំប៉ុណ្ណា សម្ភារសំណង់ថ្លៃ និង​កម្រប៉ុណ្ណា ហើយវាមាន​សោភ័ណភាពស្រស់ស្អាត​ប៉ុណ្ណា​នោះទេ ប៉ុន្តែត្រូវគិត​ថាតើ គុណភាព​នៃការ​រចនាម៉ូត​ទាំងនេះ បំពេញទៅតាម​តម្រូវការ​ និងរបៀបរបប​​រស់នៅជាក់ស្ដែង​របស់ម្ចាស់លំនៅដ្ឋានបានប៉ុណ្ណាដែរ”។

លោក ហុក កាំង ជា​ស្ថាបត្យករកម្ពុជា និងជា​នាយក​ក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ​នេះបានជួយអោយក្រុមហ៊ុនទទួលបាននូវគុណប្រយោជន៍ និង ព័ត៌មានយ៉ាងសំខាន់ ក្នុងការកែលម្អ​វិធីសាស្ត្រ​ និងពង្រឹងគុណភាពរចនារបស់ខ្លួនសម្រាប់​គម្រោង​ផ្សេងៗ​នាពេលខាងមុខ។

លោក ហុក កាំង ដែលកាលពីពេលថ្មីៗ​​ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ”  (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “មនុស្ស​ជា​ច្រើន​ ដែល​កើត​ក្នុង សម័យ​ក្រោយ​សង្គ្រាម ​ដូចជារូបខ្ញុំ រស់ដឹង​ក្ដីដោយស្ថិត​នៅលំនៅដ្ឋានដែលមានភាព​​​ងងឹត និង​កខ្វក់​ ដែលពុំ​សូវមាន​ មានពន្លឺខាង​ក្នុងគ្រប់គ្រាន់​ ពុំសូវ​មានខ្យល់ចេញចូល ហើយ​ពុំ​សូវគិតគូរពី​​ការ​រចនា​ផ្ទះដែលប្រកបដោយគុណភាពឡើយ ។ ខ្ញុំគិតថា ​នៅសម័យនេះហើយ ពួកគេ​ចង់បាន​ និងគួរទទួលបាន​លំនៅដ្ឋាន​ដែលប្រសើរ​ជាងមុន​ ព្រោះសម្រាប់មនុស្សភាគច្រើន ការទិញផ្ទះគឺជា​ការ​វិនិយោគ​ធំបំផុត​ក្នុងជីវិត​របស់ខ្លួន”។

លោក បានបន្តទៀតថា៖ “តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​​តម្រូវការ​របស់​​អ្នក​រស់នៅ និង​របៀប​ដែល​យើង​រចនា​​ផ្ទះ​ដើម្បី​បំពេញ​តម្រូវការ​​ទាំងអស់​នោះ យើង​អាច​​ប្រើប្រាស់​ទិន្នន័យ​​នេះ ដើម្បី​បង្កើត​នូវ​គេហដ្ឋាន​ដែល​មាន​លក្ខណៈ​ល្អ​​​ប្រសើរ​ជាង​មុន ដើម្បី​​ឆ្លើយតបទៅនឹង​ការ​ផ្លាស់ប្ដូរ ​​នៃ​តម្រូវការ​របស់​គ្រួសារ​នីមួយៗ​​ស្របពេល​ដែល​ពួកគាត់​កំពុង​មាន​ភាព​លូតលាស់ និង​​រីកចម្រើន”។​

តាមរយៈគម្រោង​អចលនទ្រព្យ​​ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង​ Raintree និងគម្រោង​ Embassy Central នៅរាជធានីភ្នំពេញ និង​គម្រោង​ Treeline Urban Resort នៅខេត្ត​ សៀម​រាប​ជាដើមនោះ ក្រុមហ៊ុន Urbanland បានបង្ហាញ​ឲ្យឃើញ​ពីគុណតម្លៃ​របស់ខ្លួនរួច​មកហើយ​ តាមរយៈការ​រចនា​ “ដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​”  នៅក្នុងគម្រោងលំនៅដ្ឋាន ការិយាល័យ និងសណ្ឋាគារផ្សេងៗ។

យ៉ាងណាមិញ លោក ហុក កាំង មានប្រសាសន៍ថា គម្រោង​ខាង​មុខ​​របស់ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែលស្ថិតនៅភាគខាង​ត្បូង​រាជធានីភ្នំពេញ គឺជាវត្តមានជាក់ស្តែងបំផុតនៃការរចនា​លំនៅដ្ឋានដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​(human-centred design) ។

លោក ហុក កាំង មានប្រសាសន៍ថា៖ “គម្រោងនេះ ជា​គម្រោងអភិវឌ្ឍបុរីដែលមាន លក្ខណៈពិសេសខុសប្លែកស្រឡះពីបុរីដទៃ។ ការ​រចនាផ្ទះ​ខាង​ក្នុងមានមុខងារច្បាស់លាស់​ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះអាចបម្លែងពីបន្ទប់ទារក ទៅបន្ទប់ក្មេងលេង ទៅបន្ទប់ធ្វើការ ឬទៅជា​ទីកន្លែង ស្ងប់ស្ងាត់​ សម្រាប់​ឪពុក​ម្ដាយ​ដែលមានវ័យចំណាស់​​អាច​គេង​សម្រាក​ពេលថ្ងៃបាន”។

លោក​បានបន្តទៀតថា៖ “ចំណែកឯទីធ្លាខាង​ក្រៅ យើង​ផ្ដោត​លើ​​ការ​បង្កើតទីធ្លា​សហគមន៍ ដែលមាន​ ពណ៌បៃតង មានម្លប់ត្រឈឹងត្រឈៃ ហើយ​អាច​ប្រើប្រាស់បានពីសំណាក់មនុស្ស​គ្រប់​ជំនាន់នៅក្នុង សហគមន៍នោះ”។

 

លោក​បន្ថែមទៀតថា៖ “យើងជឿជាក់ថា ការយកចិត្តទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង នូវរាល់កិច្ចការដែលយើងធ្វើ ​នឹងជួយ​បង្កើនគុណភាព​​ជីវិត​រស់នៅរបស់ពួកគេ​ ផ្ដល់លទ្ធភាព​ឲ្យ​គ្រប់គ្នា​ បានរស់នៅ​កាន់តែ​ប្រសើរជាងមុន ហើយអាច​សម្រេចបាននូវសេចក្ដីប៉ង​ប្រាថ្នា​របស់ខ្លួន។ ការ​សិក្សា​ស្រាវ​ជ្រាវនេះ​ មានសារសំខាន់ណាស់សម្រាប់ពួកយើង​ ក៏ដូចជា​អ្នកដទៃទៀតនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ការរចនាលំនៅដ្ឋាន ​ការិយាល័យ និង​កន្លែងផ្សេងទៀត ដែលពិតជាបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើតម្រូវការរបស់មនុស្ស”។

 

សម្រាប់​អ្នកដែលចាប់អារម្មណចង់ស្វែង​យល់បន្ថែមអំពី ការចេញផ្សាយការសិក្សា ដែលមានចំណងជើងថា៖ “លំនៅដ្ឋាននាពេលអនាគត” សូម​ចូលទៅគេហទំព័រ​ (https://urbanlandasia.com/the-future-of-home)ហើយទាញយកមក​ប្រើ​ប្រាស់ដោយ​ឥត​គិត​ថ្លៃ។

 

អំពីក្រុមហ៊ុន Urbanland

Urbanland គឺជា​ក្រុមហ៊ុន​​ក្នុងស្រុកមួយ ដែលមានគោលដៅ​បង្កើតទីកន្លែងប្រណីតៗ ​សម្រាប់ឲ្យ​មនុស្ស​រស់នៅ ធ្វើការ និង លេងកម្សាន្ត ដោយ​​ផ្ដោតសំខាន់​លើ​គុណភាព ភាពថិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន​ Urbanland ​ត្រូវបានបង្កើតឡើង​កាលពីឆ្នាំ ២០១៣ ដោយ​ស្ថាបត្យករ គឺលោក ហុក កាំង ដោយ​ក្រុមហ៊ុន​ មានជំនឿថា ការយកចិត្តទុកដាក់លើតម្រូវការមនុស្ស ជាចម្បងនៅ​រាល់​កិច្ច​ការ​ដែលគេធ្វើ នឹង​ជួយបង្កើនគុណភាពជីវិតរស់នៅ​របស់ពួកគេ និង​បង្កើត​បរិយាកាស​ដែលពោរពេញដោយផាសុកភាព។

 

Urbanland ជា​​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ ISI GROUP ហើយ​ក្រុមហ៊ុន​បាន​កសាង​កេរ្តិ៍ឈ្មោះ​ របស់ខ្លួន​​ក្នុង​នាមជា​ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ដែល​ផ្ដោត​លើ​ការ​រចនា​ និងផ្អែក​លើ​គោលការណ៍ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” (human-centred) ដូចដែល​បានបង្ហាញឲ្យឃើញ​តាមរយៈគម្រោង​ជោគជ័យ​ដែល​ទទួលបានពានរង្វាន់ដូចជា គម្រោង Raintree (ការិយាល័យពាណិជ្ជកម្ម) គម្រោង Embassy Residences និង Embassy Central (ខុនដូប្រណីត) សណ្ឋាគារ​បែប​សិល្បៈ និងការ​រចនាដំបូងគេ​របស់ខេត្ត​សៀម​រាប ឈ្មោះថា Treeline Urban Resort និង គម្រោង​មេ​ KMH Park ស្ថិត​នៅលើដងវិថីវេង ​ស្រេង ដែលជាគម្រោង​​បណ្ដុំ ការិយាល័យ កន្លែងប្រកបអាជីវកម្ម​ លំនៅដ្ឋាន សួនច្បារ និង​ទីធ្លាកម្សាន្ត។

 

គម្រោងមួយ​ក្នុង​ចំណោម​គម្រោង​នានា​របស់​ Urbanland ដែលនឹងមានវត្តមានក្នុងពេលឆាប់ៗ ខាងមុខនេះ គឺ​គម្រោង​លំនៅដ្ឋាន​ដ៏ធំនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ។ តាមរយៈការ​ប្រើវិធីសាស្ត្រ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” ដោយស្ដាប់ និង​ស្វែងយល់ថាតើអតិថិជន​ចង់បានអ្វីពិតប្រាកដ​ ពី​លំនៅដ្ឋានរបស់ខ្លួននោះ ក្រុមហ៊ុន Urbanland កំពុង​​ធ្វើការរចនា​នូវលំនៅដ្ឋានថ្មីទាំងនេះ ដោយគិតគូរតាំងពីផ្នែកក្នុង​រហូតដល់​ក្រៅ ដោយ​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ​ក្នុងការ​ធានា​ឲ្យបាននូវគុណភាព ភាពឋិតថេរ និង​ភាពផ្ចិតផ្ចង់។

សូម​ចូលទៅគេហទំព័រ www.urbanlandasia.comសម្រាប់ព័ត៌មានបន្ថែម៕


ចែករំលែក៖