អន្តរជាតិ៖ បើតាមមន្រី្តគយរបស់ប្រទេសស្រីលង្កា បាននិយាយនៅថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០ថា កុងតឺន័រជាច្រើនទូដែលមានផ្ទុកសំរាមមានសារធាតុពុលរបស់ចក្រភពអង់គ្លេស ត្រូវបានដឹកនាំមកកាន់ស្រីលង្កា ដោយរំលោភបំពានលើច្បាប់អន្តរជាតិដែលគ្រប់គ្រងលើការដឹកជញ្ជូនទំនិញមានគ្រោះថ្នាក់នោះ ត្រូវបានដឹកបញ្ជូនទៅវិញ ។
មន្ត្រីគយរបស់ប្រទេសស្រីលង្កា បានប្រាប់ទីភ្នាក់ព័ត៌មាន AEP ថា កុងតឺន័រចំនួន ២១ ដែលមានផ្ទុកសំរាមចំនួន ២៦០ តោន បានមកដល់កំពង់ផែគោលនៃរដ្ឋធានីកូលឡុំបូចន្លោះពីខែកញ្ញាឆ្នាំ ២០១៧ និងខែមិនា ឆ្នាំ២០១៨ ហើយកុងតឺន័រទាំងនោះ ត្រូវបានបញ្ជូនចេញពីប្រទេសស្រីលង្កាកាលពីថ្ងៃទី២៦ ខែកញ្ញា។ ចំណែកទូកុងតឺន័រទាំងនោះ ត្រូវផ្ទុក ពូក ព្រំ និងកំរាលព្រំដែលប្រើរួចប៉ុណ្ណោះ។ ប៉ុន្តែក្រោយបើកមើលហើយ គេឃើញក៏មានសំណល់របស់មន្ទីរពេទ្យនៅក្នុងកុងតឺន័រផងដែរ។
ដោយឡែកអ្នកនាំពាក្យគយស្រីលង្កាលោក Sunil Jayaratne បាននិយាយនៅថ្ងៃទី២៧ ខែកញ្ញាកន្លងទៅថា៖ « ចក្រភពអង់គ្លេសបានយល់ព្រមនាំយកកុងតឺន័រទាំង ២១ នោះត្រឡប់ទៅវិញហើយ។ ជាមួយគ្នានេះ យើងកំពុងធ្វើការដើម្បីទទួលបានសំណងពីអ្នកដែលទទួលខុសត្រូវក្នុងការយកកុងតឺន័រចូលក្នុងប្រទេស»។
ជាមួយគ្នានោះ ទូកុងតឺន័រចំនួន ២៤២ ទៀតដែលដឹកមកពីចក្រភពអង់គ្លេសហើយដែលរដ្ឋាភិបាលស្រីលង្កាអះអាងថា ដឹកសំរាមខុសច្បាប់បំពានច្បាប់អន្ដរជាតិដែរនោះ កំពុងស្ថិតនៅឯកំពង់ផែមួយនិងនៅឯតំបន់ពាណិជ្ជកម្មសេរីមួយទៀតនៅក្រៅរដ្ឋធានីកូឡុំបូ។ កុងតឺន័រទាំងនេះត្រូវបាននាំចូលនៅចន្លោះឆ្នាំ២០១៧ និង២០១៨ ។ បច្ចុប្បន្ន រដ្ឋាភិបាលក្រុងកូឡុំបូ កំពុងធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងអ្នកដឹកកុងតឺន័រទាំងនេះដើម្បីយកចេញពីប្រទេស។
ជុំវិញនឹងបញ្ហានេះ គយស្រីលង្កាមិនបានបង្ហាញថា កាកសំណល់ក្នុងទូ ជាប្រភេទនៃកាកសំណល់នៅមន្ទីរពេទ្យនោះទេ។ ប៉ុន្តែក្នុងករណីមុនៗ កុងតឺន័រដែលបាននាំចូលដោយខុសច្បាប់មានទាំងក្រណាត់កន្ទប បង់រុំរបួស និងផ្នែករាងកាយរបស់សាកសពទៀតផង។
គួរបញ្ជាក់ថា ស្រីលង្កា ជាគៅលដៅនៃការនាំចូលសំរាមគ្រោះថ្នាក់ដែលដឹកចេញពីប្រទេសអ្នកមានខ្លះ។ ប្រទេសជាច្រើននៅអាស៊ី មានអារម្មណ៍មិនល្អដោយសារប្រទេសរបស់ខ្លួនបានក្លាយជាគំនរសំរាមរបស់ប្រទេសអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ហើយបានចាប់ផ្ដើមបញ្ជូន ឬបដិសេធទទួលយកកុងតឺន័រដឹកកាកសំណល់នេះ៕ដោយ៖ស តារា