ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាកំពុងរៀបចំឯកសារសុំការអនុញ្ញាត នាំចេញសាច់គោទៅកាន់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំឯកសារ ដើម្បីស្នើសុំការនាំចេញសាច់គោ ទៅកាន់ប្រទេសចិន។ នេះបើតាមការបញ្ជាក់ពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក វេង សាខុន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាសាក្សី ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្ម ចំនួន៥០សហគមន៍ នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពាក់ព័ន្ធនឹងការនាំចេញសាច់គោនេះ រដ្ឋមន្ដ្រី វេង សាខុន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ជាបឋមនេះ ក្រសួងបានធ្វើលិខិតមួយជាផ្លូវការថា កម្ពុជា អាចមានលទ្ធភាពនាំចេញសាច់គោ ទៅកាន់ប្រទេសចិនបាន ហើយប្រទេសចិន និងដាក់នូវសំណួរជាច្រើនមកឲ្យយើងធ្វើការ។

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា …យើងកំពុងតែរៀបចំ ស្នើសុំនាំចេញសាច់គោ ដោយយើងមើលឃើញ បញ្ហាប្រឈមរវាងប្រទេសចិន និងអូស្ដ្រាលី …ដោយបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅកាន់ប្រទេសចិន ។ យើងកំពុងតែមមាញឹករៀបចំបែបបទ ដើម្បីសុំការនាំចូល»៕

ដោយ៖ សិលា


ចែករំលែក៖